Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតអាមេរិក ចូលជួបលោក កឹម សុខា នៅគេហដ្ឋាន

11-11-2019 14:49

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិក លោក ផាទ្រីក មូហ្វី នៅវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការចូលជួបសួរសុខទុក្ខនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ត្រូវបានតុលាការអនុញ្ញាតឱ្យធ្វើដំណើរចេញក្រៅផ្ទះ និងទៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅព្រឹកមិញនេះ លោក កឹម សុខា ក៏បានអនុញ្ញាតឱ្យលោកស្រី េអវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ចូលជួបសួរសុខទុក្ខផងដែរ។ ក្នុងជំនួបជាមួយលោកស្រីឯកអគ្គរដ្ឋទូតបារាំង ត្រូវបានលោក មុត ចន្ថា នាយកខុទ្ទការល័យរបស់លោក កឹម សុខា អះអាងថា មិនមានជជែកអ្វីក្រៅពីការសួរសុខទុក្ខនោះឡើយ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចតុលាការពីបទក្បត់ជាតិកាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលមួយឆ្នាំ។ លុះដល់ខែកញ្ញា ឆ្នាំ២០១៨ រូបលោកត្រូវបានផ្ទេរពីពន្ធនាគារត្រពាំងផ្លូវ មកឱ្យស្នាក់នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនអាចធ្វើដំណើរចេញពីក្នុងផ្ទះបាននោះឡើយ។

នៅថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញនេះ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើដំណើរនៅក្រៅផ្ទះ និងធ្វើដំណើរទៅកាន់ទីកន្លែងនានាទូទាំងប្រទេសកម្ពុជា។ តែបន្តភ្ជាប់ជាមួយលក្ខខណ្ឌដោយមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរទៅក្រៅប្រទេសបាននោះឡើយ ហើយក៏ត្រូវចូលបង្ហាញខ្លួនរាល់ពេលតុលាការកោះហៅ៕