អង្គភាពអន្តរាគមន៍ប្រចាំការនៅអគ្គស្នងការ បានរៀបចំកម្មវិធីអកអំបុកការពារ ជាតិ សាសនា ព្រះមហាក្សត្រ
09-11-2019 17:39
(ភ្នំពេញ)៖ អង្គភាពអន្តរាគមន៍ដែលប្រចាំការនៅអគ្គស្នងការ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីអកអំបុកការពារ ជាតិ សាសនា ព្រះមហាក្សត្រ។
ពិធីដែលបានធ្វើឡើងយ៉ាងសប្បាយរីករាយ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានេះ ក្រោមការដឹកដោយឧត្តមសេនីយ៍ទោ អ៊ឹង ដារ៉េត ប្រធានអង្គភាពអន្តរាគមន៍។
លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គី របស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតប ចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕