Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរម៉ាឡេស៊ីចាប់ពលរដ្ឋខ្មែរពីរនាក់ ដែលជាសកម្មជនរបស់អតីតគណបក្សប្រឆាំង កំឡុងពេលពួកគេកំពុងរង់ចាំជើងហោះហើរធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសថៃ (Video inside)

05-11-2019 22:32

(គូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ី បានចាប់ និងឃុំខ្លួនពលរដ្ឋកម្ពុជាពីរនាក់ ដែលជាសកម្មជនគណបក្សប្រឆាំងកំឡុងពេលពួកគេកំពុងរង់ចាំ ជើងហោះហើរធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសថៃ ក្នុងគោលបំណងចូលរួមសកម្មភាពជាមួយរបស់ សម រង្ស៉ី និងបក្ខពួក ដើម្បីប្រឆាំងរាជរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពបានមកពីគណៈកម្មាការសិទ្ធិមនុស្សម៉ាឡេស៊ី បានឱ្យដឹងទៀតថា សកម្មជនបក្សប្រឆាំងទាំងពីរនាក់ខាងលើ មានម្នាក់ជាអ្នកសុំសិទ្ធិជ្រកកោន ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចាប់និងឃុំខ្លួន ជាបណ្ដោះអាសន្នកាលពីយប់ថ្ងៃចន្ទ ហើយត្រូវបានបណ្ដេញឱ្យត្រឡប់ទៅប្រទេសកំណើត របស់ពួកគេវិញ នៅរសៀលថ្ងៃអង្គារនេះ។ ប៉ុន្តែខាងនាយកដ្ឋានអន្តោប្រវេសន៌ និងក្រសួងការបរទេស ម៉ាឡេស៊ី រួមទាំងអង្គការ UNHCR មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញព័ត៌មាននេះ។

បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ពលរដ្ឋខ្មែរទាំងពីរនាក់ខាងលើ គឺជាសមាជិកអតីតគណបក្សសង្រ្គោះជាតិ (CNRP) ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាក្រុមឧទ្ទាមក្រៅច្បាប់។

ពាក់ព័ន្ធនឹងសកម្មជនរបស់អតីតគណបក្សប្រឆាំងទាំងពីរដែលត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់នោះ គេមិនទាន់ដឹងច្បាស់អំពីអត្តសញ្ញាណអ្នកទាំងពីរនាក់នោះទេ៕