Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីបរិស្ថាន បង្ហាញអំពីគុណតម្លៃរបស់សត្វជន្លេន

01-11-2019 18:02

(ភ្នំពេញ)៖ សត្វជន្លេន ជាសត្វមួយប្រភេទរស់នៅក្នុងដី កើតនៅក្នុងដី និងស៊ីដីជាអាហារ។ ជន្លេន មានពូជជាច្រើនប្រភេទ ហើយទំហំដងខ្លួនវាក៏មានច្រើនបែបច្រើនយ៉ាងដែរ។

លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានលើកបង្ហាញអំពីគុណតម្លៃរបស់សត្វជន្លេនក្នុងប្រព័ន្ធអេកូឡូស៊ី ដែលអាចមនុស្សភាគច្រើនមិនទាន់បានដឹង។

រដ្ឋមន្ដ្រី្កក្រសួងបរិស្ថាន បានពន្យល់ថា ជន្លេនបានដើរតួជាអ្នកប្រើប្រាស់ អ្នកបំប្លែងសំណល់ និងជាអ្នកកែប្រែនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ ជន្លេន មានឥទ្ធិពល និងមានអត្ថប្រយោជន៍ទៅលើប្រព័ន្ធអេកូឡូស៊ីដីរួមមាន៖ ទី១៖ ការកែច្នៃសំណល់សរីរាង្គ ដែលជន្លេនរួមជាមួយបាក់តេរី និងផ្សិត បានបំប្លែងសំណល់សរីរាង្គ និងទី២៖ កែប្រែគុណភាពដី ដោយធ្វើឲ្យដីផុសកែប្រែទម្រង់ស្រទាប់ដី ព្រោះថាពួកវាបានធ្វើឲ្យមានរន្ធតូចៗ ដែលគេស្គាល់ថាជារន្ធញើសនៅក្នុងដី។

លោក សាយ សំអាល់ បានបន្ថែមទៀតថា សកម្មភាពទាំងនេះ របស់សត្វជន្លេន បានជួយឱ្យមានដីផុសជាច្រើនប្រភេទផ្សេងៗគ្នា នៅក្នុងរន្ធទាំងនោះ ឬដីជុំវិញរន្ធនោះ ហើយតាមរយៈនេះ វាបានជួយផ្លាស់ប្តូរដំណើរការជីវសាស្ត្រ គីមី និងរូបវ័ន្ត នៃប្រព័ន្ធអេកូឡូស៊ី។

សូមបញ្ជាក់ថា អាហារដែលជន្លេនចូលចិត្តខាំស៊ីបំផុតនោះ គឺកម្ទេចស្លឹកឈើ និងរុក្ខជាតិ។ ក្រៅពីនេះ វាស៊ីសាកសព នៃសត្វមានជីវិតគ្រប់ប្រភេទ ដែលស្អុយរលួយ រួមមានទាំងសត្វល្អិត តូចៗ ដូចជាដង្កូវដួង សង្អារ រុយ មូសជាដើម។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ក្នុងចំនួនជន្លេន ១,២០០ក្បាល វាអាចជួយរំលាយបំបែកសំរាម១គីឡូក្រាម ដោយប្រើពេលវេលាត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ។

យោងតាមឯកសារមួយចំនួនបានបង្ហាញថា នៅក្នុងប្រទេសចិន គេបានកែច្នៃសត្វជន្លេន ប្រើធ្វើជាឱសថ អាចប្រើជំនួយកម្លាំង ថ្នាំជំនួយផ្លូវភេទ បំបាត់រោគជាំ ក្នុងរាងកាយ៘ នៅប្រទេសនូវែលហ្សេឡង់ គេប្រើជន្លេន ច្នៃធ្វើជាអាហារដ៏មានតម្លៃ និងមានរសជាតិប្លែកពីគេមួយបែប។ សម្រាប់ប្រទេសមួយចំនួនទៀត គេបានចិញ្ចឹមជន្លេន យកមកធ្វើជាអាហារ ឱ្យយសត្វផ្សេងៗ ដូចជា កង្កែប ត្រី និងជ្រូកដោយសារវាមានប្រូតេអ៉ីនខ្ពស់។

ប្រទេសមួយចំនួនដូចជាសហភាពអឺរ៉ុប និងចិន បាននាំសត្វជន្លេនចូលពីបរទេសយ៉ាងច្រើន ចំណែកប្រទេសបញ្ជូនសត្វជន្លេនចេញលក់ ទៅក្រៅប្រទេសច្រើនបំផុត គឺសហរដ្ឋអាមេរិក៕