Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី «ការអភិវឌ្ឍគោលនយោបាយ អក្ខរកម្មឌីជីថល»

31-10-2019 16:44

(ភ្នំពេញ)៖ ក្នុងគោលដៅបង្កើនការអប់រំបែបឌីជីថល ដែលជាផ្នែកមួយ នៃការត្រៀមខ្លួនឆ្ពោះទៅរកគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានសេដ្ឋកិច្ច បែបឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រុមហ៊ុន Facebook ដើម្បីរៀបចំសិក្ខាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍគោលនយោបាយ អក្ខរកម្មឌីជីថល» ជាលើកដំបូង។

គោលនយោបាយនេះ គ្រោងនឹងបង្កើតឡើង ដើម្បីផ្ដល់នូវទិសដៅយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេច បានតាមផែនការការងារ និងធ្វើជាគោលការណ៍ សម្រាប់ស្ថាប័នរដ្ឋ ព្រមទាំងដៃគូពាក់ព័ន្ធ ក្នុងការជំរុញអក្ខរកម្មឌីជីថល លើយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព។ គោលនយោបាយអក្ខរកម្មឌីជីថល នឹងក្លាយជាផែនទីបង្ហាញផ្លូវមួយ សម្រាប់ក្រសួងអនុវត្ត និងសម្រេចឲ្យបានក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ដើម្បីបង្កើតគោលនយោបាយនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតក្រុមការងារ ដែលមានគោលដៅ៖

*ជួបជុំជាមួយស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីធ្វើការណែនាំក្រុមការងារអភិវឌ្ឍន៍គោលនយោបាយ អក្ខរកម្មឌីជីថល ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Facebook

*ធ្វើបទបង្ហាញអំពីវិធីសាស្ត្រ និងផែនការការងារសម្រាប់ការអភិវឌ្ឍ គោលនយោបាយអក្ខរកម្មឌីជីថល

*ពិភាក្សាពិគ្រោះយោបល់ និងប្រមូលនូវធាតុចូលសំខាន់នានា ពីសំណាក់សិក្ខាកាមដែលចូលរួម។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខានេះ ព្រមទាំងបានលើកឡើងថា ការអប់រំបែបឌីជីថល មិនមែនផ្ដោតតែលើបច្ចេកវិទ្យាប៉ុណ្ណោះទេ តែទាមទារជំនាញទន់ផ្សេងៗផងដែរ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា សិក្ខាសាលានេះ មិនត្រឹមតែដើម្បីផ្សព្វផ្សាយ ពីការចាប់ផ្ដើមធ្វើសេចក្ដីព្រាងប៉ុណ្ណោះទេ ថែមទាំងដើម្បីប្រមូលផ្ដុំមតិយោបល់ ជាធាតុចូលពីសំណាក់អ្នកចូលរួមផងដែរ។

សូមជម្រាបថា កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ក្រសួងស្ថាប័នរដ្ឋាភិបាល ក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជនជាដើម ដើម្បីពិភាក្សាផ្ដល់ធាតុចូល ដើម្បីធ្វើសេចក្តីព្រាងគោលនយោបាយ អក្ខរកម្មឌីជីថលនៅកម្ពុជា៕