Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយក CSX: អាជីវកម្មរបស់អ្នក មិនអាចពង្រីកដោយចីរភាពបានទេ ប្រសិនម៉ាកសញ្ញាមិនតំណាងឲ្យគុណតម្លៃសម្រាប់អតិថិជន

31-10-2019 15:17

(ភ្នំពេញ)៖ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (SCX) បានលើកឡើងថា ម្ចាស់អាជីវកម្មទាំងឡាយ មិនអាចពង្រីកអាជីវកម្មរបស់ខ្លួន ដោយចីរភាពបានទេ ប្រសិនបើម៉ាកសញ្ញានៃក្រុមហ៊ុនមិនតំណាង ឬផ្ដល់គុណតម្លៃអ្វីមួយនោះ។

ការលើកឡើងបែបនេះ របស់លោក ហុង សុហួរ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី «យុទ្ធសាស្រ្ដកសាងម៉ាកសញ្ញា សម្រាប់អាជីវកម្មបង្កើតថ្មី» ដែលរៀបចំឡើងដោយ CSX និងមានការចូលរួមពីវាគ្មិនល្បីៗនៅកម្ពុជា។

CSX តែងតែរៀបចំសិក្ខាសាលានានា ក្រោមប្រធានបទផ្សេងៗ ដើម្បីចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងការបើកអាជីវកម្ម, គន្លឹះទទួលបានជោគជ័យ, កត្តាដែលនាំឲ្យអាជីវកម្មដួលរលំ ព្រមទាំងចំណេះដឹងជាច្រើនផងដែរ។ ជាក់ស្ដែងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ CSX បានបន្ដរៀបចំ សិក្ខាសាលាស្ដីពី «យុទ្ធសាស្រ្ដកសាងម៉ាកសញ្ញា សម្រាប់អាជីវកម្មបង្កើតថ្មី» ដល់អតិថិជនផងដែរ។

លោក ហុង សុហួរ បានថ្លែងឲ្យដឹងថា «គន្លឹះដែលម្ចាស់អាជីវកម្មត្រូវចង់ចាំ គឺម្ចាស់អាជីវកម្មទាំងអស់ មិនអាចពង្រីកអាជីវកម្មដោយចីរភាពបានទេ ប្រសិនម៉ាកសញ្ញារបស់អ្នកមិនតំណាងឲ្យគុណតម្លៃអ្វីមួយនោះ ដែលទាំងនេះមានន័យថា ប្រសិនបើអ្នកគ្រាន់តែគេធ្វើ និងធ្វើតាមគេនោះ នឹងមិនអាចឈរលើមូលដ្ឋាននេះ ទៅពង្រីកអាជីកម្មឲ្យធំបាននោះទេ»

លោកបានបន្ដថា ដើម្បីអាចពង្រីកអាជីវកម្ម និងដំណើរការទៅបានរលូនចាំបាច់ ត្រូវមានគុណតម្លៃ សម្រាប់អ្នកប្រើប្រាស់ដែលខុសពីគេ។

លោកបញ្ជាក់ថា ជាក់ស្ដែងសម្រាប់កម្មវិធីថ្ងៃនេះផ្ដល់ឱកាសច្រើន ដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ព្រមទាំងអាជីវកម្មបង្កើតថ្មីថ្មោង ដោយទទួលបានចំណេះជំនាញ និងបទពិសោធន៍ជាច្រើនផងដែរ។

លោកបញ្ជាក់ថា ជាការពិតណាការកសាងម៉ាកសញ្ញា គឺលើសពីការកសាងឡូហ្គោល ឬឈ្មោះក្រុមហ៊ុន ហើយការកសាងម៉ាកសញ្ញាបានល្អ គឺនាំមកនូវភាពស្មោះត្រង់របស់អតិថិជន បង្កើតបាននូវកេរ្ដិ៍ឈ្មោះក្រុមហ៊ុន និងអាជីវកម្មរីកចម្រើន។

សូមបញ្ជាក់ថា ក្នុងកម្មវិធីស្ដីពី «យុទ្ធសាស្រ្ដកសាងម៉ាកសញ្ញា សម្រាប់អាជីវកម្មបង្កើតថ្មី» ក៏មានការចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ចំណេះជំនាញពីវាគ្មិន ដែលជាវិនិយោគិនជោគជ័យផងដែរ៕