Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តមណ្ឌលគិរី ចោទប្រកាន់អតីតប្រធានប្រតិបត្តិនៃអតីត CNRP និងបក្ខពួក ៣នាក់ ពីបទ «រួមគំនិតក្បត់» ក្នុងផែនការរបស់ទណ្ឌិត សម រង្ស៉ី (Video inside)

30-10-2019 16:23

(មណ្ឌលគិរី)៖ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចចោទប្រកាន់មនុស្ស៣នាក់ រួមមាន ទី១៖ឈ្មោះ ឃុំ កាន់ អតីតប្រធានប្រតិបត្តិ នៃអតីតគណបក្សសង្គ្រោះជាតិ, ទី២៖ឈ្មោះ ដូង សំអត អតីតសកម្មជន និងទី៣៖ឈ្មោះ សួន ចំរើន ជាជំនួយការលោក អេង ឆៃអ៊ាង ពីបទ «រួមគំនិតក្បត់»។

តាមរយៈសេចក្ដីថ្លែងការណ៍ អ្នកនាំពាក្យ នៃអយ្យអមសាលាដំបូងខេត្តមណ្ឌលគិរី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា មនុស្សទាំង៣នាក់នេះ បានទៅធ្វើសកម្មភាពកៀរគរ បំផុសប្រជាជននៅក្នុងខេត្តមណ្ឌលគិរី ឲ្យធ្វើសកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពូជាវិញ របស់ឧក្រិដ្ឋជន សម រង្ស៉ី»។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានបន្ថែមថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួល រំលំរាជរដ្ឋាភិបាល ត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមបញ្ញត្តិមាត្រា៤៥៣ ក្រមព្រហ្មទណ្ឌ។ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះ ចូលមកសារភាពទាន់ពេលវេលា ដែលអាចត្រូវលើកលែងឲ្យរួចផុតពីការទទួលទោសតាមបទប្បញ្ញត្តិពិសេសមាត្រា៤៥៤ ក្រមព្រហ្មទណ្ឌ៕