Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកផលិតអំបិល ប្រាប់ពីរបៀបមើលអំបិលធម្មជាតិ និងអំបិលរោងចក្រ (Video inside)

28-10-2019 16:45

(ភ្នំពេញ)៖ ស្ថាបនិកសហគ្រាសផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍ កញ្ញា ថូង ធីដា បានប្រាប់ពីរបៀបពិនិត្យអំបិលធម្មជាតិ ដើម្បីឲ្យប្រជាពលរដ្ឋអាចវាយតម្លៃថា តើអំបិលណាជាអំបិលផលិតដោយធម្មជាតិ (ប្រើកំដៅថ្ងៃហាល) និងអំបិលណាដែលផលិតដោយរោងចក្រ។

កញ្ញាបញ្ជាក់ថា សម្រាប់អំបិលរោងចក្រវាបែបស្ងួត គ្មានសំណើម និងពេលបរិភោគទៅមានជាតិប្រៃខ្លាំង ដោយឡែកសម្រាប់អំបិលធម្មជាតិវិញ គឺពណ៌មិនសខ្លាំងទេ ហើយវានៅមានសំណើមផងដែរ។

ការលើកឡើងរបស់កញ្ញា ថូង ធីដា ស្ថាបនិកសហគ្រាសផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍ យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសផ្ដល់កិច្ចសម្ភាសជាមួយទូរទូស្សន៍ Fresh News ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍»

កញ្ញា ថូង ធីដា បានបញ្ជាក់ទៀតថា «អំបិល គឺជាសារធាតុមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកថែរក្សាសេរីរាង្គកាយសុខភាព របស់មនុស្សគ្រប់រូប ហើយក៏ត្រូវការអំបិលជាចាំបាច់ខ្លាំងផងដែរ ដូច្នេះសម្រាប់ការប្រើប្រាស់អំបិល គឺត្រូវជ្រើសរើសអំបិលណាដែលល្អ និងមានគុណភាពខ្ពស់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីសុខភាពរបស់យើងផងដែរ»។

កញ្ញា ធីដា ក៏បានផ្ដាំផ្ញើផងដែរថា សូមឲ្យប្រជាជន និងរាជរដ្ឋាភិបាល ចូលរួមចំណែកក្នុងការគាំទ្រផលិតផលខ្មែរ ដើម្បីឲ្យការផលិតអំបិល មានការរីកចម្រើនបន្ថែមទៀត និងមួយវិញទៀតគាំទ្រចំពោះការខិតខំរបស់ប្រជាកសិករ ដែលបានចំណាយពេលវេលា និងកម្លាំងកាយ ដើម្បីផលិតបាននូវអំបិលមួយ ដែលមានគុណភាព សម្រាប់ឲ្យអ្នកទទួលទាន ប្រកបដោយសុខភាពល្អផងដែរ៕