Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាក់ច្រាំងទន្លេយូរខែនៅស្រុកស្អាង ខេត្តកណ្តាល, ប្រជាពលរដ្ឋ និងអ្នកដំណើរស្នើសុំមន្ត្រីជំនាញជួយធ្វើផ្លូវ និងជួសជុលឡើងវិញផង (Video inside)

27-10-2019 14:33

(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បានស្នើសុំមន្ត្រីជំនាញធ្វើផ្លូវ និងជួសជុលច្រាំងទន្លេបាសាក់ ដើម្បីទប់ស្កាត់ ព្រោះគ្រោះធម្មជាតិមួយនេះ បានបំផ្លាញកំណាត់ផ្លូវ១១០។

ការស្នើសុំនេះ ក្នុងខណៈដែលគ្រោះបាក់ដីច្រាំងទន្លេបាសាក់ កំពុងគំរាមកំហែងកម្ទេចដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់ បន្ទាប់ពីគ្រោះធម្មជាតិមួយនេះ បានបំផ្លិចបំផ្លាញដីលំនៅដ្ឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋឯទៀ តអស់ជាច្រើនគ្រួសារមកហើយ។

ប្រជាពលរដ្ឋមានការបារម្ភជាខ្លាំង នៅពេលដែលគ្រោះបាក់ដីច្រាំងទន្លេបាសាក់ ចេះតែបាក់រាលជាបន្តបន្ទាប់រហូតបាក់ដាច់ផ្លូវ១១០ទៅទៀត ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញមិនមានវិធានការទប់ស្កាត់ ឲ្យបានរឹងមាំនិងច្បាស់លាស់នោះទេ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីរដូវវស្សាទឹកដំឡើងក្នុងឆ្នាំ២០១៨ បានឃើញអាជ្ញាធរដាក់បាវខ្សាច់ និងបូមខ្សាច់ចាក់ទប់ស្កាត់ ប៉ុន្តែការធ្វើនេះ មិនអាចទប់ស្កាត់គ្រោះបាក់ច្រាំងបានទេ ហើយគ្រោះធម្មជាតិមួយនេះ នៅតែវាយប្រហារកម្ទេចទាំងបាវខ្សាច់ និងកំណាត់ផ្លូវ១១០រហូតបាន និងកំពុងគំរាមកំហែងដល់ដីលំនៅឋាន និងផ្ទះសម្បែងពួកគាត់ថែមទៀត ក្នុងរដូវទឹកសម្រកនាឆ្នាំ២០១៩នេះ។

ពាក់ព័ន្ធនឹងការស្នើសុំនេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល លោក ម៉ឹង យូឡេង បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ឲ្យដឹងថា មន្ទីរកំពុងតែធ្វើផ្លូវវាង។ ចំណែកការងារជួសជុលច្រាំងទន្លេ គឺបានប្រគល់ឲ្យខាងធនធានទឹកជាអ្នកធ្វើការងារនេះ៕