សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីកាកបាទក្រហមកម្ពុជា ចូលបច្ច័យ ២០លានរៀល ក្នុងពិធីបុណ្យកឋិនទានសាមគ្គីដង្ហែទៅកាន់ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាគិរីរម្យ
27-10-2019 11:00
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា បានចូលរួមចាប់មគ្គផលជាបច្ច័យចំនួន២០លានរៀល ក្នុងពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាគិរីរម្យ ដេីម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តធម្មបណ្ឌិតគិរីរម្យ ដែលស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដេីម្បីប្រមូលថវិកាកសាងមហាប្រាសាទ ចារគម្ពីរព្រះត្រៃបិដក ទ្រទ្រង់ពុទ្ធវចនៈលេីថ្មក្រានីត ដែលអាចរក្សាទុកបានរាប់ពាន់ឆ្នាំ ទុកជាសម្បត្តិបុណ្យ ក៏ដូចជាសម្បត្តិជាតិសម្រាប់គោរពបូជាយូរអង្វែងតទៅ។
បច្ច័យចំនួន ២០លានរៀល នេះ ត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី នាំយកទៅប្រគល់ជូន ឧកញ៉ាមហាឧបាសិកា ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នារសៀលថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩នេះ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃព្រះរាជាណាចក្រកម្ពុជា៕