Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ មន្រ្តីអនុវត្តច្បាប់មានតួនាទីសំខាន់ ជួយអ្នកញៀនគ្រឿងញៀន ឲ្យទទួលបានការព្យាបាល

25-10-2019 11:52

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្មអប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា មន្រ្តីអនុវត្តច្បាប់មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយអ្នកញៀនគ្រឿងញៀន ឲ្យទទួលបានការព្យាបាល។

លោកថ្លែងបែបនេះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយអង្គការខាណា រៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រង និងការបង្ការការប្រើគ្រឿងញៀន ពពួកអាភៀនលើសកម្រិតសម្រាប់មន្រ្តីអនុវត្តច្បាប់។

ក្នុងឱកាសនោះ ទាំងលោក គូណាល់ កេឆ័រ នាយករងអង្គការសម្ព័ន្ធឥណ្ឌាប្រយុទ្ធនឹងជំងឺអេដស៍ និងលោក ជួបសុខ ចំរើន នាយកប្រតិបត្តិ អង្គការខាណា សុទ្ធតែបានលើកឡើងថា ការចូលរួមគាំទ្រពីមន្រ្តីអនុវត្តច្បាប់ និងអាជ្ញាធរមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ ក្នុងការគាំទ្រឲ្យអ្នកប្រើប្រាស់គ្រឿងញៀន ឲ្យទៅទទួលសេវាសុខភាព ហើយការប្រើប្រាស់លើសកម្រិត នូវពពួកអាភៀន ឬហេរ៉ូអ៉ីន បណ្តាលឲ្យអ្នកញៀនស្លាប់ភ្លាមៗ។

ឧត្តមសេនីយ៍ ទោ លឹម តុងហួត បានថ្លែងអំណរគុណដល់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានកាត់បន្ថយបាននូវអំពើហិង្សា និងបទល្មើសឧក្រិដ្ឋផ្សេងៗ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ លឹម តុងហួត ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានខណ្ឌ សង្កាត់ ពិសេសមន្រ្តីអនុវត្តច្បាប់ ជួយគ្រប់គ្រងមុខសញ្ញាអ្នកប្រើប្រាស់ឲ្យបានច្បាស់លាស់ ទំនាក់ទំនងសហការជាមួយមាតាបិតា អាណាព្យាបាល ជំរុញអ្នកញៀនគ្រឿងញៀន ឲ្យទៅទទួលយកសេវាព្យាបាលអ្នកញៀនគ្រឿញៀន នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យជាតិ៕