Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ត្រ ច័ន្ទ សារុន នាំយកអំណោយប្រគល់ជូនគ្រួសាររងគ្រោះ ដោយអគ្គីភ័យនៅស្រុកត្រាំកក់

14-10-2019 20:30

(តាកែវ)៖ លោក ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បាននាំយកនូវអំណោយ អង្ករ ទឹកត្រី សារុង កន្ទេល មី ត្រីខ អំបិល សាប៊ូ ប៊ីចេង និងថវិកាមួយចំនួន ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យនៅស្រុកត្រាំកក់។

ការប្រគល់អំណោយនេះ មានការចូលរួមដំណើរពីសំណាក់ លោក អ៊ូច ភា អភិបាលខេត្តតាកែវ, លោកស្រី នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជាខេត្តតាកែវ និងលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់។

ផ្ទះដែលត្រូវបានឆាបឆេះនោះ មានចំនួន១ខ្នង ទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងសង្កសីដែលមាន លោក គង់ ចាន់រឿន អាយុ៤៧ឆ្នាំ មានទីលំនៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ជាម្ចាស់កម្មសិទ្ធិ។

មូលហេតុដែលបង្កឲ្យមានការឆាបឆេះនេះ គឺដោយសារទុស្សេខ្សែភ្លើង ខណៈពេលម្ចាស់ផ្ទះមិននៅផ្ទះ និងមិនបានបិទប៉ារ៉ែត ហើយអគ្គីភ័យនេះឆាបឆេះ ដោយមិនអាចជួយសង្គ្រោះបានឡើយ ព្រោះគ្មានផ្លូវចូលទៅផ្ទះដើម្បីពន្លត់បាន។

ជាមួយគ្នានោះ លោក ច័ន្ទ សារុន តំណាងរាស្ត្រខេត្តតាកែវ បានសម្ដែងនូវការសោកស្តាយ ចំពោះអគ្គីភ័យនេះ និងអំពាវនាវឲ្យប្រជាពលរដ្ឋប្រយ័ត្នប្រយែង និងយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាអគ្គិសនី ដោយពេលមិននៅផ្ទះ ឬចេញទៅក្រៅត្រូវផ្តាច់ចរន្តអគ្គិសនីឲ្យបានត្រឹមត្រូវមុននឹងចាកចេញពីផ្ទះ៕