Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតអនុប្រធានប្រតិបត្តិស្រុកមង្គលបូរី អតីតបក្សសង្គ្រោះជាតិ ប្រកាសប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៉ី និងសោកស្ដាយដែល សម រង្ស៉ី មិនគោរពរដ្ឋធម្មនុញ្ញ (Video inside)

11-10-2019 19:38

(បន្ទាយមានជ័យ)៖ អតីតអនុប្រធានប្រតិបត្តិស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ របស់អតីតបក្សសង្គ្រោះជាតិ លោក ហុង សំចិត្រ បានចេញមកប្រកាស ដោយប្រឆាំងយ៉ាងដាច់ខាត ចំពោះសកម្មភាពទាំងឡាយណា ដែលមានចេតនាប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់លោក សម រង្ស៉ី ដែលកំពុងគេចខ្លួននៅក្រៅប្រទេស។

ក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយអង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ លោក ហុង សំចិត្រ បានអះអាងទៀតថា លោកស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងគោរពរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ហើយលោកក៏សោកស្ដាយផងដែរ ចំពោះទង្វើរបស់លោក សម រង្ស៉ី ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញ និងចង់បង្កហិង្សា ឬបង្កចលាចលនៅក្នុងប្រទេសកម្ពុជា។

អតីតអនុប្រធានប្រតិបត្តិស្រុកមង្គលបូរីរូបនេះ ក៏ទទួលស្គាល់ផងដែរថា កន្លងមកលោកធ្លាប់ដើរតាមគោលនយោបាយ និងការណែនាំរបស់លោក សម រង្ស៉ី ប៉ុន្ដែចាប់តាំងពីគណបក្សនយោបាយមួយនេះ ត្រូវបានរំលាយដោយតុលាការកំពូល លោកមិនដែលខ្វាយខ្វល់ជាមួយពាក្យសម្ដីរបស់ សម រង្ស៉ី និងថ្នាក់ដឹកនាំគណបក្សមួយនេះឡើយ ព្រោះលោកយល់ច្បាស់ថា គណបក្សនេះមិនស្របច្បាប់ទៀតឡើយ។

លោក ហុង សំចិត្រ បានបញ្ជាក់ច្បាស់ៗយ៉ាងដូច្នេះថា «កាលគណបក្សនៅស្របច្បាប់ គាត់មានគោលនយោបាយអី យើងចេះតែអនុវត្តតាម តែក្រោយពីគណបក្ស ត្រូវបានរំលាយហើយ ខ្ញុំគិតថាគណបក្សមួយ ដែលមិនស្របច្បាប់ អ្វីណាដែលគាត់ថ្លែងសារអីមកខ្ញុំមិនសូវបានចាប់អារម្មណ៍ ព្រោះខ្ញុំនឹកឃើញថា វាអត់មានអ្វីដែលយើងត្រូវធ្វើតាមគាត់ទៀត»

លោកបន្ដទៀតថា «បើតាមការគិតរបស់ខ្ញុំ ខ្ញុំស្រលាញ់ណាស់របបប្រជាធិបតេយ្យ ស្រលាញ់ការគោរពសិទ្ធិមនុស្ស ស្រលាញ់នូវភាពយុត្តិធម៌ យើងចង់បានប្រទេសមួយមានការរួបរួម ផ្សះផ្សាយោគយល់តាមបែបលទ្ធិប្រជាធិបតេយ្យ ប៉ុន្ដែសកម្មភាពមិនថាតែលោក សម រង្ស៉ីទេ សូម្បីតែថ្នាក់ដឹកនាំក្រោមឱវាទគាត់ ឲ្យតែទាក់ទងនឹងរឿងប្រកាសថា លក្ខណៈហិង្សា លក្ខណៈធ្វើឲ្យចលាចលប្រទេសនេះ ខ្ញុំអត់មានការគាំទ្រទេ ក្នុងចិត្តខ្ញុំ ខ្ញុំមិនគាំទ្រដាច់ខាត។

ទោះជាគណបក្សណាឈ្នះ គណបក្សណាចាញ់ យើងគាំទ្រទៅព្រោះប្រទេសយើងគោរពរដ្ឋធម្មនុញ្ញ មានការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌ខ្ញុំគាំទ្រ ប៉ុន្ដែអ្វីដែលដើរផ្ទុយរដ្ឋធម្មនុញ្ញខ្ញុំប្រកាសជំហរហើយថា ខ្ញុំអត់គាំទ្រទេ។ គំនិតរបស់ខ្ញុំ ខ្ញុំតាំងចិត្តមួយថា ខ្ញុំគោរពរដ្ឋធម្មនុញ្ញ គោរពអ្វីដែលជាអហិង្សា ចង់ឲ្យមានការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌»

សូមជម្រាបថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ លោក ហុង សំចិត្រ អាយុ៤៧ឆ្នាំ រស់នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី អតីតជាអនុប្រធានប្រតិបត្តិស្រុកមង្គលបុរី បានចេញមកប្រកាស មិនចូលរួមរាល់ផែនការក្បត់ជាតិជាមួយ ទណ្ឌិត សម រង្ស៊ី។

ថ្លែងនៅចំពោះអធិការនគរបាលស្រុកមង្គលបូរី លោក ហុង សំចិត្រ បានបញ្ជាក់ និងធ្វើកិច្ចសន្យាមិនចូលរួមរាប់សកម្មភាពដែលជាផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី មានគោលដៅចង់ធ្វើរដ្ឋប្រហារ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕