Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុកទ្រាំង ត្រូវបានមហាសន្និបាតបោះឆ្នោតជ្រើសតាំង ជាប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តតាកែវ

10-10-2019 16:03

(តាកែវ)៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩, សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តតាកែវ រៀបចំមហាសន្និបាតអាណត្តិទី៣ ដោយបានជ្រើសរើសលោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុកទ្រាំង ជាប្រធាន និងអនុប្រធានចំនួន ១០រូបផ្សេងទៀត ដោយទទួលសម្លេងឆ្នោតគាំទ្រចំនួន ២៣០សន្លឹក លើ ២៣០សន្លឹក។

អនុប្រធាន ១០ រូបនោះគឺ (១) លោក ឃុំ សារឿន សមាជិកក្រុមប្រឹក្សាសង្កាត់រកាក្រៅ (២) លោក ម៉ៅ ញ៉ន មេឃុំរមេញ (៣) លោក សោម សុមេត ប្រធានក្រុមប្រឹក្សាស្រុកបូរីជលសារ (៤) លោកស្រី ហេង សុគន្ធារី សមាជិកក្រុមប្រឹក្សាឃុំធ្លក (៥) លោក ចក់ គឹមហ៊ាង មេឃុំកំណប់ (៦) កញ្ញា អ៊ូច ហុល សមាជិកក្រុមប្រឹក្សាស្រុកព្រៃកប្បាស (៧) លោក ស្រី សាម មេឃុំស្រែរនោង (៨) លោកស្រី ម៉ែន សយ សមាជិកក្រុមប្រឹក្សាស្រុកបាទី (៩) លោក ទៀវ ភឿន មេឃុំបឹងត្រាញ់ខាងជើង និង (១០) លោកស្រី អិម សូលីដា សមាជិកក្រុមប្រឹក្សាឃុំព្រែកផ្ទោល។

មហាសន្និបាតប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក អិត សារុន សមាជក្រុមប្រឹក្សាខេត្តតាកែវ លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអ្នកចូលរួមមហាសន្និបាតសរុប ៣២៩នាក់ ក្នុងនោះប្រតិភូក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ចំនួន ២៧៩នាក់ មកពីក្រុង ស្រុកទាំង១០ និងឃុំសង្កាត់ទាំង១០០។

សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តតាកែវ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ដែលជាសមាជិកសមាគមគឺក្រុង១ ស្រុក៩ ឃុំ៩៧ និងសង្កាត់ចំនួន៣៕