Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វគ្គបណ្តុះបណ្តាល ជនបង្គោលវិស័យបរិស្ថានចំនួន ១០០នាក់ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

09-10-2019 18:59

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ តាមកម្មវិធីដែលបានគ្រោងទុកវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី ការប្រយុទ្ធប្រឆាំងគ្រឿងញៀនអេដស៍ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីលោក សាបូ អូហ្សាណូ រដ្ឋលេខាធិការតំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីលោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ស៊ឹម គឹមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ក្នុងឱកាសនោះទាំងលោក ស៊ឹម គឹមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់លោក សាយ សំអាល់ ដែលបានអនុញ្ញាតឲ្យមានវគ្គបណ្តុះបណ្តាលជនបង្គោល ដ៏មានសារសំខាន់ ស្របពេលដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មមាញឹកអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាលលើកទី៤ ហើយការបណ្តុះបណ្តាលជនបង្គោលគឺជាការងារអាទិភាព សម្រាប់ធ្វើការផ្សព្វផ្សាយបានកាន់តែទូលំទូលាយឆាប់រហ័សនូវចំណេះដឹងព័ត៌មានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រយុទ្ធនឹងជំងឺអេដស៍។

ក្នុងឱកាសនោះដែរ ថ្លែងក្នុងនាមលោក សាយ សំអាល់, លោក សាបូ អូហ្សាណូ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិទាំងពីរ (គ្រឿងញៀន-អេដស៍) ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ហើយក្រសួងបរិស្ថានបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន លើការងារផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ បញ្ហាគ្រឿងញៀន-អេដស៍ និងចូលរួមអនុវត្តផែនការភូមិឃុំសង្កាត់ «ស» គ្មានគ្រឿងញៀនប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែនក៏ដូចជា បទល្មើសគ្រឿងញៀនដែលឈ្មួញយកឆ្លងកាត់ដែនសមត្ថកិច្ចគ្រប់គ្រងរបស់ឧទ្យានុរក្ស។

ចុងបញ្ចប់ នៃវគ្គបណ្តុះបណ្តាលនោះ មានចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមដែលជាប់ជ័យលាភីទាំង ១០០នាក់ផងដែរ៕