Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីរាជការ ជាង៣០០នាក់ ចុះជួយច្រកដីដាក់បាវ ដើម្បីទប់ទឹកកុំឲ្យបាក់ផ្លូវ ទៅសាលាស្រុកបូរីជលសារ

25-09-2019 14:23

(តាកែវ)៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំមន្រ្តីរាជការ អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ប្រមាណជាង៣០០នាក់ ចុះជួយច្រកដីដាក់បាវ ជួយទប់ទឹកជន់ឡើង ដើម្បីការពារកុំឲ្យទឹករលកបោកបាក់ផ្លូវ នៅក្នុងឃុំបូរីជលសារ ដែលជាផ្លូវដ៏សំខាន់មួយ ឆ្ពោះទៅកាន់សាលាស្រុកបូរីជលសារ។

ថ្លែងនៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវតែត្រៀមលក្ខណៈទុកជាមុន ដើម្បីជួយទប់ស្កាត់ការពារជំនន់ទឹកភ្លៀង ឬជំនន់ទឹកទន្លេមេគង្គ តាមរយៈធ្វើសកម្មភាពដូចជានៅថ្ងៃនេះ ដែលយើងការពារជាមុនកុំឲ្យទឹករលកបោកបាក់ផ្លូវ ទៅកាន់សាលាស្រុកបូរីជល ដែលវានិងនាំឲ្យមានផលវិបាក ដល់បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងកាត់ផ្លូវនេះ ទៅទទួលសេវា នៅសាលាស្រុក។

លោក អ៊ូច ភា បានបន្តទៀតថា ក្រៅពីត្រៀមលក្ខណៈ ជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែទឹកជំនន់ អាជ្ញាធរត្រូវជួយទប់ស្កាត់ជាមុន ចំពោះការលិចផ្លូវសំខាន់ៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការ ច្រកដីដាក់បាវ ឬច្រកដីខ្សាច់ ទប់ច្រាំងកុំឲ្យបាក់ផ្លូវ និងទប់ស្កាត់កុំឲ្យប៉ះពាល់ ដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ហើយបើមានបញ្ហាកើតឡើង អាជ្ញាធមូលដ្ឋានត្រូវធ្វើសកម្មភាពភ្លាមៗ ក្នុងការចុះជួយបងប្អូន ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ អភិបាលខេត្តតាកែវ ក៏បានណែនាំឲ្យអាជ្ញាធមូលដ្ឋាន ត្រូវអប់រំប្រជាពលរដ្ឋ ដែលរស់នៅជាប់មាត់បឹង ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះជំនន់ទឹកទន្លេ ដែលកំពុងតែឡើងខ្លាំង ជាពិសេសក្មេងៗ ព្រោះ កាលណាប្រជាពលរដ្ឋធ្វេសប្រហែស វានឹងធ្វើឲ្យក្មេងលង់ទឹកស្លាប់ជាក់ជាពុំខាន។ ម្យ៉ាងទៀតអាជ្ញាធរពាក់ព័ន្ធ ត្រូវអប់រំប្រជាពលរដ្ឋ ពីការរស់នៅប្រកបដោយអនាម័យ តាមរយៈការហូបទឹកស្អាត ឬទឹកដែលមានការដាំ ឲ្យពុះជាដើម។

សូមបញ្ជាក់ដែរថា ស្ថានភាពកម្ពស់ទឹកនៅស្រុកបូរីជលសារ មានកម្ពស់៣.៩៩ម៉ែត្រ បើគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ របស់លោក ប៊ុន ហួរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ ហើយចំពោះកម្ពស់ទឹក ដែលត្រូវប្រកាសអាសន្ននោះ គឺមានកម្ពស់ ៤.៥០ម៉ែត្រ៕