Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនន់ទឹកភ្លៀងលិចមន្ទីរពេទ្យបង្អែកអង្គរជុំ ខេត្តសៀមរាប, អ្នកជំងឺជាច្រើននាក់ ត្រូវជម្លៀសទៅមន្ទីរពេទ្យបង្អែកស្រុកពួក ដើម្បីរក្សាសុវត្ថិភាព និងព្យាបាលបន្ត

24-09-2019 14:47

(សៀមរាប)៖ ដោយសារតែស្ថានភាពទឹកភ្លៀងបានធ្លាក់ខ្លាំងជាបន្ដបន្ទាប់ រយៈពេលប៉ុន្មានថ្ងៃនេះ ដោយបង្កឲ្យមានទឹកជន់យ៉ាងខ្លាំង លិចចូលមន្ទីរពេទ្យបង្អែកអង្គរជុំ ស្ថិតក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប បង្កឲ្យមានការប៉ះពាល់យ៉ាងខ្លាំង។

ឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ អាជ្ញាធរ និងសមត្ថកិច្ច រួមជាមួយក្រុមគ្រូពេទ្យ បានសម្រេចចិត្តជម្លៀសអ្នកជំងឺជាច្រើននាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពួក ដែលនៅក្បែរនោះជាបណ្ដោះអាសន្នសិន។

សេចក្ដីរាយការណ៍បានឲ្យដឹងថា គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ អ្នកជំងឺប្រមាណ៤០នាក់ ត្រូវបានអាជ្ញាធរមូលដ្ឋាន ជម្លៀសចេញតាមរថយន្តយកទៅ សំរាកព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកក្នុងស្រុកពួក ដោយសុវត្ថិភាព ដើម្បីបង្ការកុំឲ្យរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងដែលកំពុងជន់លិច។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ បានព្រមានពីជំនន់ទឹកភ្លៀង នៅតាមខេត្តមួយចំនួននៅជាប់ព្រំដែនថៃ និងឡាវ ក្រោយទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប។ នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងធនធានទឹកបានបញ្ជាក់ថា យោងលើស្ថានភាពជាក់ស្តែងនៃការវិវត្តនៃអាកាសធាតុ ដែលប្រពន្ធ័សម្ពាធ ទាប (ITCZ) បច្ចុប្បន្នស្ថិតនៅគងពីលើបណ្តាខេត្ត នៅជាប់ព្រំប្រទល់ដែនឡាវ និងថៃ៕