Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានិត៖ គណបក្សប្រជាជនកម្ពុជា នៅរួមសុខ រួមទុក្ខ ជាមួយពលរដ្ឋទាំងអស់ ដើម្បីអភិវឌ្ឍន៍ប្រទេស និងការពារផលប្រយោជន៍ជាតិ

23-09-2019 11:28

(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលតែងតែ នៅជាប់រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់ ហើយរួមគ្នាអភិវឌ្ឍន៍ប្រទេស និងការពារផលប្រយោជន៍ជាតិទាំងមូល។

ការលើកឡើងរបស់លោក ហ៊ុន ម៉ានិត ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងចូលរួមបរិភោគអាហារសាមគ្គីជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មកពីឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលកំពុងរៀនសូត្រ បំពេញការងារ និងប្រកបរបរផ្សេងៗ នៅរាជធានីភ្នំពេញ។

តាមរយៈ Facebook លោក ហ៊ុន ម៉ានិត បានបញ្ជាក់ថា កន្លងមកក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា តែងតែចុះជួបសួរទុក្ខបងប្អូន ពូមីង ប្រជាពលរដ្ឋនៅមូលដ្ឋាន និងតែងតែឆ្លើយតបទៅនឹងសេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

ការជួបជុំថ្ងៃនេះ គឺជាលើកទីមួយ ក្នុងគោលបំណងបង្កើនទំនាក់ទំនង និងភាពជិតស្និតរវាងបងប្អូន ពូមីងដែលបានចាកឆ្ងាយពីស្រុកកំណើត និងក្រុមការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់មូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា និងឈ្វេងយល់ពីសុខទុក្ខបងប្អូន ដែលឃ្លាតចាកឆ្ងាយពីភូមិឃុំ និងផ្ទះរបស់ខ្លួន មកធ្វើការ និងរៀនសូត្រនៅភ្នំពេញ។

បន្ថែមពីនេះ លោក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងថ្នាក់ឃុំ និងភូមិ ដែលបានសហការគ្នា បម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបានរៀបចំកម្មវិធីថ្ងៃនេះឡើង។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ លោកសូមជូនពរបងប្អូនទាំងអស់ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព ទាំងពេលទៅស្រុកកំណើត និងត្រលប់មកធ្វើការ ឬរៀនសូត្រនៅភ្នំពេញវិញ៕