ប្រមុខរាជរដ្ឋាភិបាល ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការបង្កលក្ខណៈងាយស្រួលជូនពលរដ្ឋដែលចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ (Video inside)
22-09-2019 11:31
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
នេះជាអនុសាសន៍យ៉ាងម៉ឺងម៉ាត់ ដែលសម្តេចតេជោ រួមជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៩ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។
ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យសាសនាដ៏ធំមួយក្នុងចំណោមបុណ្យសាសនាធំៗនៅកម្ពុជា ដែលប្រជាជនខ្មែរតែងប្រារព្ធប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណកាលមកម្ល៉េះ។
ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះជាពេលវេលាមួយដែលប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីវត្តអារាមនានា។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យនេះ៕