Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង១,៣០០គ្រួសារ នៅស្រុកត្បូងឃ្មុំ ទទួលអំណោយពីសប្បុរសជននៅអូស្ត្រាលី

21-09-2019 13:47

(ត្បូងឃ្មុំ)៖ លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ និងលោក ម៉ាត់ ហ្គោហ្វូត លោក សាំង ស៊ីមឿង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំ និងមន្ទីរអង្គភាពអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជននៅអូស្ត្រាលី តាមរយៈលោកស្រី ជីប នោស្នី ប្រធានអង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា ទៅចែកជូនគ្រួសាររងគ្រោះទឹកជំនន់ចំនួន១,៣២៣គ្រួសារ នៅឃុំទន្លេបិទ និងឃុំជីរោទ៍ទី១ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក កេង ប៊ុនណា និងលោកស្រី ជីប នោស្នី បានថ្លែងបញ្ជាក់ថា ដើម្បីជួយសម្រួលតម្រូវការចំពោះមុខ ក្នុងគ្រាដែលពលរដ្ឋត្រូវការចាំបាច់នោះ ទើបនៅថ្ងៃនេះ លោកនិងលោកស្រី បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកផ្តល់ជូនគ្រួសាររងគ្រោះទឹកជំនន់ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ១០គីឡូក្រាម, ត្រីខ៥កំប៉ុង, មី១០កញ្ចប់ និងទឹកត្រី១ដប។

ជាការឆ្លើយតប ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំងអស់ ក្រោយទទួលបានអំណោយជាបន្តបន្ទាប់នោះ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តត្បូងឃ្មុំ តែងតែចុះផ្តល់ភាពកក់ក្តៅគៀក នៅជាប់ជាមួយប្រជាពលរដ្ឋរួមសុខរួមទុក្ខ ថែរក្សាការពារសេចក្តីសុខ ពិសេសអំណោយរបស់សប្បុរសជនអូស្ត្រាលី ដែលបានជួយឧបត្ថម្ភ តាមរយៈលោកស្រី ជីប នោស្នី ដែលបានផ្តល់ជូនពួកគាត់ នាថ្ងៃនេះបន្ថែមទៀត៕