Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ជាង ១៣គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង រកឃើញនៅក្នុងផ្សារក្រោម

19-09-2019 14:13

(កំពង់ឆ្នាំង)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក យិន ណារិន ប្រធានសាខា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះពិនិត្យទំនិញដែលវេចខ្ចប់ស្រាប់(ស្លាដក់) គ្រឿងឧបភោគ បរិភោគ នៅផ្សារក្រោម និងតូបលក់ជុំវិញផ្សារ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោក យិន ណារិន បានឲ្យដឹងថា គោលដៅសំខាន់ នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

លោក យិន ណារិន បានបន្តថា ក្នុងសកម្មភាពចុះពិនិត្យទំនិត្យទំនិញនៅផ្សារក្រោមខាងលើនេះ ក្រុមការងារជំនាញបានដកហូតទឹកក្រូច Fanta និងទឹកក្រូច Big cola ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១៨ដប ស្មើនឹង ១៣,៦ គីឡូក្រាម យកមករក្សារទុកនៅសាខាដើម្បីដុតកម្ទេចចោល។

លោកប្រធានសាខា ក៏បានធ្វើការណែនាំដល់អាជីវករ ប្រជាពលរដ្ឋ ពីសុវត្ថិភាពម្ហូបអាហារ ការរៀបចំទំនិញតាំងលក់ និងមានអនាម័យល្អ។ មួយវិញទៀតក្រុមការងារ បានឃ្លាំពិនិត្យតម្លៃ លក់រាយ នៅតាមស្ថានីយ/ដេប៉ូ ចំនួន ០៤ទីតាំង រីឯតម្លៃលក់រាយនេះ គឺសមស្របតាមតម្លៃដែលក្រសួងបានកំណត់៕