Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនារូបភាពសារមន្ទីរ ទាហានចម្បាំងស្តេចឈិន ដែលជាអធិរាជដំបូងគេ របស់មហាយក្សចិន (Photos inside)

16-09-2019 14:52

(ឆាងអាន-ចិន)៖ សារមន្ទីរទាហានចម្បាំងស្តេចឈិន ឬត្រូវបានគេស្គាល់ថា The Museum of Qin Terra-cotta Warriors and Horses គឺជាការប្រមូលផ្តុំនៃរូបចម្លាក់ ទាហានចម្បាំងស្តេចឈិនជាច្រើនរូប។

រូបចម្លាក់នៅឯសារមន្ទីរទាហានចម្បាំងស្តេចឈិនទាំងនេះ ត្រូវបានកសាងឡើងនៅជំនាន់ អាណាចក្រឈិនសឺហ័ង (Qin Shi Huang) ដែលជាអធិរាជដំបូងគេបង្អស់ របស់ប្រទេសចិន។ វាគឺជាទម្រង់នៃសិល្បៈរូបតំណាង ដែលត្រូវបានកប់ជាមួយអធិរាជឈិន នៅក្នុងឆ្នាំ២១០ ដល់២០៩ មុនគ្រិស្តរាជ។

យោងតាមមគ្គុទេសទេសចរណ៍បានឲ្យដឹងថា ទោះបីជាកសាងឡើង នៅចុងសតវត្សទី៣ មុនគ្រិស្តរាជក៏ដោយ ក៏រូបចម្លាក់ទាំងនេះ ទើបតែត្រូវបានរកឃើញ នៅឆ្នាំ១៩៧៤តែប៉ុណ្ណោះ។ កាលពីឆ្នាំ១៩៧៤ កសិករនៅក្នុងតំបន់ Lintong នៅទីក្រុងឆាងអាន ខេត្តស្ហានស៉ី បានជីកអណ្តូងទឹក ក៏ប្រទះឃើញរូបចម្លាក់ទាំងនេះតែម្តង។

ការប៉ាន់ស្មានត្រឹមឆ្នាំ២០០៧ នៅក្នុងរណ្តៅសារមន្ទីរទាហានស្តេចឈិន ផ្ទុកទៅដោយទាហានលើសពី៨ពាន់នាក់, រទេះចម្បាំងជំនាន់ដើមចំនួន១៣០ ជាមួយនឹងសេះចំនួន៥២០, និងកងទ័ពសេះចំនួន១៥០ផងដែរ។ រូបចម្លាក់ទាំងអស់ ត្រូវបានកប់ក្បែរចេតិយ របស់អធិរាជឈិន។

បើតាមមគ្គុទេសទេសចរណ៍ដដែល រូបចម្លាក់យ៉ាងច្រើនទៀត ត្រូវបានរកឃើញនៅក្នុងរណ្តៅផ្សេងទៀត រួមមាន៖ មន្រ្តីអ្នកលេងកីឡាកាយសម្ព័ន្ធ បុរសខ្លាំង និងតន្រ្តីករជាដើម៕