Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណាំស្វាយចន្ទី ៦០ហិកតារបស់ពលរដ្ឋ ៤ភូមិ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានមន្រ្តីឧទ្យានុរក្សបរិស្ថាន កាប់បំផ្លាញចោលដោយគ្មានដំណោះស្រាយ តែមន្រ្តីថា ដើម្បីអភិរក្សព្រៃឡង់

13-09-2019 11:15

(កំពង់ធំ)៖ ប្រជាពលរដ្ឋចំនួន ៧០គ្រួសារ រស់នៅក្នុងភូមិព្រៃ ភូមិរលួស ភូមិគគី ភូមិក្រាំង តំបន់ដីក្រហម នៅក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានការព្រួយបារម្មណ៍ជាខ្លាំង ដោយមន្រ្តីបរិស្ថានខេត្តកំពង់ធំ ចុះកាប់បំផ្លាញផលដំណាំស្វាយចន្ទីគាត់ចោលអស់ប្រមាណ ៦០ហិកតា ដោយមិនរកមូលហេតុដោះស្រាយជូនពួកគាត់ឡើយ ខណៈដែលជីវភាព ក្នុងគ្រួសាររបស់ពួកគាត់ អាស្រ័យផលទៅលើដំណាំស្វាយចន្ទីនេះ ហើយគ្រួសារខ្លះមានផ្ទៃដី ២ហិកតា ខ្លះ៣ហិកតា និង៥ហិកតា។

លោក គង់ គី រស់នៅភូមិក្រាំង បានលើកឡើងថា លោកបានកាប់ឆ្ការដីនេះចាប់ពីឆ្នាំ២០១១មកម្ល៉េះ ហើយលោកបានដាំដុះស្រូវ និងដំឡូងតែដោយមានជីវភាពខ្វះខាត លោកបានសម្រេចចិត្តខ្ចី លុយធនាគារមកដាំចន្ទី គ្រាន់បានប្រាក់សងគេវិញ សល់បន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិត។ លោកបានដាំដុះនៅឆ្នាំ២០១៦ ចន្ទីចំនួន ៥ហិកតា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ត្រូវបានកម្លាំងជំនាញបរិស្ថានខេត្តកំពង់ធំ ចុះកាប់បំផ្លាញដំណាំគាត់ចោលអស់ ហើយឱ្យគាត់ផ្តិតមេដៃ និងរុះរើផ្ទះចោលឱ្យអស់ និងគំរាមវាយខ្នោះបើនៅតែរឹងទទឹង។

ពលរដ្ឋម្នាក់ទៀតឈ្មោះ ឈៀង ខេង រស់នៅភូមិព្រេន បានឱ្យដឹងថា លោកបានកាប់ឆ្ការកាន់កាប់នៅឆ្នាំ២០១២ ហើយបានដាំដុះស្វាយចន្ទីចំនួន ៥ហិកតា នៅឆ្នាំ២០១៦ រយៈពេល ៣ឆ្នាំ ក៏ត្រូវបានមន្រ្តីបរិស្ថានកាប់ចោលអស់ដែរ។ លោកបញ្ជាក់ទាំងទឹកមុខស្រងូតស្រងាត់ និងព្រួយបារម្មណ៍ថា លោកគ្មានអ្វីជាទីពឹងទៀតទេ។

លោក ឈុន ឆេន ជំទប់ទី១ ឃុំសុចិត្រ បានឱ្យដឹងដែរថា ប្រជាពលរដ្ឋលោកអាស្រ័យផលតាំងពីឆ្នាំ២០១១-២០១២មកម្ល៉េះ រហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ទើបមានកម្លាំងជំនាញ បរិស្ថានខេត្តកំពង់ធំ ចុះកាប់ដំណាំស្វាយចន្ទីគាត់ចោលអស់ ដោយមិនរកមូលហេតុដោះស្រាយជូនពួកគាត់ឡើយ។

ប្រជាពលរដ្ឋមានចម្ងល់ថា ចុះហេតុដូចម្ដេច ដីដែលអាស្រ័យផលតាំងពីយូរមកហើយ គ្រាន់តែមិនមានលទ្ធភាពដាំ ទើបតែដាំដុះ ហេតុអ្វីទើបតែកាប់បំផ្លាញ។ ប្រជាពលរដ្ឋចំនួន ៧០គ្រួសារ រស់នៅឃុំសុចិត្រ សូមអំពាវនាវជូនថ្នាក់ដឹកនាំមេត្តាជួយរកយុត្តិធម៌ និងផ្តល់ដីជូនពួកគាត់ បើមិនដូច្នេះគាត់គ្មានអ្វីជាទីពឹងទៀតទេ។

លោក តុប កក្កដា ប្រធានមន្ទីបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់តាមរយៈទូរស័ព្ទ លោកធ្វើទៅតាមផ្លូវច្បាប់ ដោយផលដំណាំដែលបានដាំដុះក្រោយឆ្នាំ២០១៧ ក្នុងនាមជាអ្នកការពារ ដែនអភិរក្សនៅក្នុងតំបន់ព្រៃឡង់៕