Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដីភ្នំ និងគម្របព្រៃឈើរបស់រដ្ឋជាច្រើនហិកតា ដែលមានភ្នំផ្សេងៗព័ទ្ធជុំវិញ នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង កំពុងរងការកាប់បំផ្លាញ និងទន្ទ្រានយក, អាជ្ញាធរបង្កើតសហគមន៍ការពារ តែខ្វះខាតថវិកា (Video inside)

29-08-2019 11:12

(បាត់ដំបង)៖ ដីភ្នំ និងគម្របព្រៃឈើរបស់រដ្ឋជាច្រើនហិកតា ដែលមានភ្នំផ្សេងៗ ព័ទ្ធជុំវិញមានចម្ងាយពីទីរួមខេត្តបាត់ដំបជាង ១០០គីឡូម៉ែត្រ និងកម្រមានអ្នកធ្វើដំណើរទៅដល់ ព្រោះមានចំងាយ ឆ្ងាយពេក ពោលត្រូវធ្វើដំណើរដោយតាមរថយន្ត ម៉ូតូ និងចុះដើរដោយថ្មើជើងទើបចូលទៅដល់ តែបើមានភ្លៀងធ្លាក់វិញ គឺមិនអាចចូលដល់បានឡើយ។

ដីភ្នំនេះត្រូវគេបង្ហើបថា មានក្រុមអ្នកមានអំណាចមួយចំនួន និងប្រជាពលរដ្ឋខ្លះរស់នៅទីនោះ និងខ្លះមកស្រុកផ្សេង នាំគ្នាទៅកាប់រាល់ថ្ងៃ ដោយបានកាប់បំផ្លាញគម្របព្រៃឈើនេះ ដែលសំបូរដោយមានភ្នំផ្សេងៗ ព័ទ្ធជុំវិញ ស្ថិតនៅចំណុចដារពង្រ ក្នុងមូលដ្ឋានឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ជួរភ្នំក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមការចុះពិនិត្យផ្ទាល់របស់អ្នកសារព័ត៌មានមួយចំនួន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានសង្កេតឃើញថា ពេលធ្វើដំណើរទៅដល់ ឮស្នូរសម្លេងរណាង៉ោងៗនៅលើភ្នំនីមួយៗ លាន់ឮកងរំពងដូចគ្នា នោះហើយជាសកម្មភាពអារ-រំលំដើមឈើធំៗ ផ្តួលដាច់ពីគល់ដើម្បីទម្លាក់ចុះមកក្រោមជើងភ្នំ ឬទុកចោលសិន។

នៅកន្លែងជួរភ្នំខ្លះទៀត មានគោយន្តបន្តកន្ទុយគ្នាដឹកឈើដែលនៅសល់ចុះពីលើភ្នំ យកទៅទុកក្រោមជើងភ្នំ ឬយកទៅទុកតាមផ្ទះបណ្តោះអាសន្នសិនសម្រាប់នាំចេញ។ កន្លែងខ្លះទៀតកំពុងដុត កម្ទេចដើមឈើតូចៗចោល ដោយសម្អាតដីទុកដាំដើមឈើយកផ្លែដូចជាផ្លែស្វាយចន្ទីជាដើម។

ពាក់ព័ន្ធករណីនេះ លោក ស៊ា ស៊ី មេឃុំបាសាក់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា រដ្ឋបាលឃុំសហការជាមួយរដ្ឋបាលស្រុក បានធ្វើវេទិការសាធារណាៈ និងបានប្រកាសឲ្យប្រជាពលរដ្ឋ បញ្ឈប់ការកាប់ព្រៃលើភ្នំទាំងនេះបន្តទៀត តែការកាប់ឈើនៅតែមានដដែល ព្រោះគ្មានកម្លាំងគ្រប់គ្រាន់សម្រាប់ការពារតំបន់នោះឡើយ។

ដោយឡែកលោក ផេង ផល អភិបាលរងស្រុករុក្ខគីរី បានឆ្លើយបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះថា រដ្ឋបាលស្រុក បានសហការជាមួយរដ្ឋបាលឃុំបាសាក់ និងនាយសង្កាត់រដ្ឋបាលឈើព្រៃស្វាយ ចុះទៅផ្ទាល់តាមរយៈវេទិកាសាធារណៈជាច្រើនលើក ដោយនាំប្រកាសជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពី ការទប់ស្កាត់ការកាប់ឈើ ការទន្រ្ទានដីគម្របព្រៃឈើ ដី ថ្មភ្នំរបស់រដ្ឋដោយខុសច្បាប់។

សម្រាប់ករណីនេះ លោកអភិបាលរងបានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងមានវិធាការទប់ស្កាត់រឿងនេះបន្តទៀត តាមរយៈការបង្កើតសហគមន៍ព្រៃឈើបាន ១សហគមន៍ «ភ្នំបាសាក់» ដើម្បីជាកម្លាំងនៅមូលដ្ឋានជួយទប់ស្កាត់ ការពារមិនឲ្យមានការកាប់បំផ្លាញតំបន់គម្របព្រៃឈើរដ្ឋឲ្យបានល្អតទៅមុខទៀត តែយើងមានបញ្ហាប្រឈមខ្លះ រឿងថវិកាសម្រាប់ផ្គត់ផ្គង់សហគមន៍ ហើយរដ្ឋបាលស្រុក បានធ្វើគម្រោងស្នើថវិកាទៅថ្នាក់លើរួចហើយ តែពុំទាន់បានលទ្ធផលនៅឡើយ។

លោកបានបន្តទៀតថា «ក្នុងនាមរដ្ឋបាលស្រុក ធ្លាប់បានជម្រាបទៅប្រជាពលរដ្ឋកន្លងមក និងណែនាំឲ្យពួកគាត់នាំគ្នាដាំដើមឈើឡើងវិញ នៅលើដីរដ្ឋតាមជ្រលងភ្នំ លើភ្នំនិងលើដីរដ្ឋផ្សេងទៀត ក្នុងដែនគម្របព្រៃឈើ និងហាមកាប់បំផ្លាញព្រៃឈើនេះបន្តទៀតជាដាច់ខាតផងដែរ»