Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធព័ត៌មានឧក្រិដ្ឋកម្មនៅផ្សារអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, សមត្ថកិច្ចកំពុងស្រាវជ្រាវយកប្រភពអ្នកបង្ហោះ

28-08-2019 17:11

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងស្រាវជ្រាវទំព័រ Facebook អនាមិកមួយ ដែលបានបង្ហោះ អំពើឃាតកម្មមួយកើតឡើង នៅក្រៅប្រទេស ប៉ុន្តែបានសរសេរបំផុសថា កើតឡើងក្នុងផ្សារអ៊ីអន២ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានធ្វើការបដិសេធទាំងស្រុងអំពើឃាតកម្ម កើតឡើងក្នុងផ្សារអ៊ីអន២ និងបានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទធ្វើការស្រាវជ្រាវជាបន្ទាន់។

លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមនាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំង និងបទល្មើសបច្ចេកវិទ្យា បន្ទាប់ពីបានពិនិត្យឃើញ Page មួយដែលបានបង្ហោះថា មានឃាតកម្មក្នុងផ្សារអ៊ីអន២ នៅក្នុងខណ្ឌសែនសុខ យើងបានចុះស្រាវជ្រាវ និងសហការជាមួយសមត្ថកិច្ចមូលដ្ឋាន។ យើងបានពិនិត្យឃើញថា ព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ ដែលសរសេរនៅក្នុង Page មួយចំនួន។ នាយកដ្ឋានជំនាញ បានចាត់វិធានការស្រាវជ្រាវអំពី Page នេះហើយ»

ប្រធាននាយកដ្ឋានរូបនេះ បានសង្កត់ធ្ងន់ទៀតថា ព័ត៌មានក្លែងក្លាយដែលបង្ហោះក្នុង Page នោះ គឺក្នុងគោលបំណងបង្កឲ្យមានភាពច្របូកច្របល់ និងយល់ច្រឡំ នូវកត្តាសន្តិសុខក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានការរីកចម្រើន មានស្ថេរភាពជាប្រក្រតី និងមិនមានរឿងអ្វីកើតឡើង ដូចព័ត៌មានមួយចំនួនចេះតែបាននិយាយមួលបង្កាច់ ការដឹកនាំរបស់រដ្ឋាភិបាលនោះទេ៕