Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ហ៊ុន ម៉ាណា ដឹកនាំក្រុមវេជ្ជសាស្រ្តសម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យ និងព្យាបាលជំងឺពលរដ្ឋ២០០០នាក់ ដោយឥតគិតថ្លៃ នៅស្រុកចិត្របុរី ខេត្តក្រចេះ

25-08-2019 15:49

(ក្រចេះ)៖ លោកស្រី ហ៊ុន ម៉ាណា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូ និងក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋប្រមាណ២០០០នាក់ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាបូសលាវ ឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូរួមពីអភិបាលខេត្តក្រចេះ ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំខេត្តផងដែរ។

ដំណើរការពិនិត្យ និងព្យាបាលនេះមានរយៈពេលមួយថ្ងៃពេញ ក្នុងទីតាំងសាលាបឋមសិក្សាបុសលាវ ដោយបែងចែកការពិនិត្យជា០៦ផ្នែក គឺជំងឺទូទៅ មនុស្សចាស់ និងកុមារ, ជំងឺភ្នែក, ជំងឺមាត់ធ្មេញ, ជំងឺវះកាត់, ពិនិត្យអេកូសាស្រ្ត និងរោគស្រ្តី។ ក្នុងនោះដែរក៏មានការផ្តល់ជូននូវអាហារ ក្នុងពេលពិនិត្យចំនួន២ពេល ដោយពេលព្រឹកមាននំបញ្ចុក និងបាយសម្រាប់អាហារថ្ងៃត្រង់។

លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ ហ៊ុន សែន បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងពីរ តែងតែគិតគូរអំពីបញ្ហាសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ឬពូជសាសន៍នោះឡើយ ជាពិសេស គឺបញ្ហាសុខភាពអនាម័យ ដែលជាបញ្ហាចម្បងក្នុងការរស់នៅប្រចាំថ្ងៃ។

ក្នុងពិធីនោះដែរ ក៏មានផ្តល់ជូននូវរទេះពិការចំនួន ០៧នាក់ផងដែរ។

ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនាពេលនេះ សុទ្ធតែបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយផ្តល់សេវាថែទាំសុខភាពប្រចាំថ្ងៃ ឱ្យកាន់តែបង្ខិតជិតមកដល់មូលដ្ឋានរបស់ពួកគាត់៕