Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្មេងតូចកម្សត់ អាយុទេីប៨ខែ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ ទទួលបានការឧបត្ថម្ភពីក្រុមកង់តំបន់ភ្នំអារ៉ែង

24-08-2019 19:03

(កំពង់ឆ្នាំង)៖ គួរឲ្យសង្វេគណាស់ក្មេងតូចមានអាយុទេីប៨ខែប៉ុណ្ណោះ បែរជាទទទួលរងនូវការឈឺចាប់ ដោយសារតែជំងឺប្រចាំកាយធ្ងន់ធ្ងរ។

បន្ទាប់ពីបានទទួលដំណឹងនេះ លោក ទៀ សុខា ប្រធានកិត្តិយសក្រុមកង់តំបន់ភ្នំអារ៉ែង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ បានចាត់តាំងឲ្យលោក តុល ស៊ីណាន ប្រធានក្រុមកង់តំបន់ភ្នំអារ៉ែង ដឹកនាំសមាជិកនាំយកអំណោយមនុស្សធម៌ និងថវិកា ប្រគល់ជូនក្រុមគ្រួសារដែលស្ថិតនៅភូមិតាំងគ្រួសកើត ឃុំក្រាំងល្វា ស្រុកសាមគ្គីមាន័យ ខេត្តកំពង់ឆ្នាំង។

ប្រធានក្រុមកង់តំបន់ភ្នំអារ៉ែង លោក តុល ស៊ីណាន បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងអំពីស្ថានភាពគ្រួសារ និងស្ថានភាពជំងឺរបស់កុមារា តុន ផារូប ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ (ជំងឺធ្លាក់អណ្តើក) លោក ទៀ សុខា ប្រធានកិត្តិយសនៃក្រុមកង់តំបន់ភ្នំអារ៉ែង បានចាត់តាំងឲ្យក្រុមកាងារក្រុមកង់តំបន់ភ្នំអារ៉ែង នាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួនទៅជួយសម្រួលដល់ការលំបាករបស់ក្រុមគ្រួសារលោក ទុំ ចំរើន ដល់ផ្ទះតែម្តង។ ជាមួយគ្នានោះដែរ ក្រុមការងារក៏បានទទួលថវិកាមួយចំនួនរបស់លោក ឧកញ៉ា ទៀ វិចិត្រ ដើម្បីឧបត្ថម្ភដល់គ្រួសារគាត់បន្ថែមទៀតផងដែរ។

លោក តុល ស៊ីណាន បានបន្តទៀតថា «បើទោះជាពួកយើងជិះកង់ធ្វើដំណើរទៅផ្ទះគាត់មានការនឿតហត់បន្តិចមែន ប៉ុន្តែក្រុមការងារពិតជាសប្បាយចិត្តដែលបានរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌»។

លោក ទុំ ចំរើន ដែលជាឪពុកក្មេងតូចដ៏គួរឲ្យអាណិត តុន ផារូប បានថ្លែងអំណរគុណដល់លោក ទៀ សុខា ឧកញ៉ា ទៀ វិចិត្រ និងក្រុមកង់តំបន់ភ្នំអារ៉ែង ដែលបានជួយដល់ក្រុមគ្រួសារគាត់ដែលកំពុងតែមានជីវភាពខ្វះខាត ហើយថវិកាទាំងនេះ គាត់អាចមានលទ្ធភាពបញ្ជូនកូនគាត់ទៅមន្ទីរពេទ្យដើម្បីបន្តការព្យាបាល។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់កិច្ចការងារមនុស្សធម៌នៅផ្ទះលោក ទុំ ចំរើន ក្រុមការងារ ក៏បានធ្វើដំណើរទៅកាន់ផ្ទះស្ត្រីមេម៉ាយម្នាក់ដែលប្តីរបស់គាត់ត្រូវបានឃាតកសម្លាប់ ស្ថិតនៅភូមិសំបុកគ្រាល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យដើម្បីជួយឧបត្ថម្ភថវិកា និងអំណោយមនុស្សធម៌មួយចំនួនដើម្បីគាត់អាចមានលទ្ធភាពទ្រទ្រង់គ្រួសារមួយរយ:ពេលខ្លីដែរ៕