Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អត្តឃាតបំពុលថ្នាំក្នុងអាហារ បណ្ដាលឲ្យស្លាប់ទាំង៣នាក់ ប្ដីប្រពន្ធ និងកូនអាយុ១២ឆ្នាំ នៅក្រុងព្រះសីហនុ (Video inside)

21-08-2019 07:48

(ព្រះសីហនុ)៖ មួយគ្រួសារមានសមាជិក៣នាក់ ស្រាប់តែពុលថ្នាំក្នុងអាហារបណ្ដាលឲ្យស្លាប់២នាក់ភ្លាម រីឯម្ដាយត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្សារពាណិជ្ជកម្ម ស្ថិតក្នុងក្រុមទី៧ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់២ បានទទួលព័ត៌មានថា នៅចំណុចផ្សារពាណិជ្ជកម្ម មានមនុស្សដេកស្លាប់ក្នុងផ្ទះដែលមានចាក់សោរជាប់ខាងក្នុង។

ភ្លាមៗនោះកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ បានកាត់សោរចូលទៅក្នុងផ្ទះ ឃើញមនុស្ស២នាក់ដេកស្លាប់ក្នុងបន្ទប់ (ឪពុក និងកូនស្រី) ចំណែកម្តាយនៅមានដង្ហើម ក៏បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តទើបស្លាប់។

ជនរងគ្រោះទាំង៣នាក់រួមមាន ទី១៖ឈ្មោះ ខេង អាយុ៤៣ឆ្នាំ មុខរបរមេការជាងកញ្ចក់ ត្រូវជាប្តី (ស្លាប់), ទី២៖ឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (ស្លាប់) និងទី៣៖ឈ្មោះ ម៉ឹង សុផល អាយុ៤១ឆ្នាំ មុខរបរអ៊ុតសក់ (ប្រពន្ធ)។ តាមការពិនិត្យកន្លែងកើតហេតុ ជាបឋមអាចជាករណីធ្វើអត្តឃាត (ដោយដាក់ថ្នាំពុលក្នុងអាហារ) ហើយតាមការស្រាវជ្រាវក្រុមគ្រួសារនេះ រស់នៅមិនចុះសម្រុងនឹងគ្នាឡើយ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា យោងតាមការសន្និដ្ឋានជំហានដំបូង ករណីនេះជាការធ្វើអត្តឃាត ដោយហេតុថា សមត្ថកិច្ចបានរកឃើញ ទី១៖ ជាតិថ្នាំក្នុងអាហារ ដែលជនរងគ្រោះទទួលទាន, ទី២៖ ផ្ទះចាក់សោខាងក្នុង និងទី៣៖ ប្ដីប្រពន្ធនេះតែងតែឈ្លោះគ្នា ពោលរស់នៅមិនសូវចុះសម្រុង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងពិនិត្យសាកសព និងកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ដ៕