Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញផ្នែកហិរញ្ញវត្ថុ ជំរុញឲ្យប្រជាពលរដ្ឋ ចេះសន្សំលុយពីក្មេង កុំចាំដល់អាយុច្រើនទើបសន្សំ (Video inside)

20-08-2019 09:29

(ភ្នំពេញ)៖ ប្រជាជនកម្ពុជានាបច្ចុប្បន្ននេះ គេសង្កេតឃើញថា ការគិតគូរសន្សំលុយរយៈពេលវែង ចាប់ពីក្មេងទៅ មិនសូវមានច្រើននោះទេ ដោយភាគច្រើនទាល់តែអាយុច្រើន បានគិតគូរអំពីការសន្សំលុយ ដើម្បីទុកពេលចូលនិវត្ដន៍ នៅពេលដែលខ្លួនឈប់ធ្វើការ ឬក៏ខ្លួនធ្វើការលែងកើត។

ចំពោះការយល់ឃើញបែបនេះ ត្រូវបានអ្នកជំនាញហិរញ្ញវត្ថុមួយរូប នៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា ការគិតបែបនេះ វាមិនខុសទេ ប៉ុន្ដែវាពុំសូវទទួលបានផលច្រើន ដូចពេលដែលយើងចាប់ផ្ដើមសន្សំពីក្មេង ព្រោះថាពេលដែលយើងចាប់ផ្ដើមសន្សំ នៅពេលដែលអាយុច្រើន វាជាពេលវេលាមួយ ដែលអាចនិយាយថា យើងនៅសល់ពេលខ្លីសម្រាប់សន្សំ។

ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា តាមការស្រាវជ្រាវឃើញថា ប្រជាជនកម្ពុជាមិនបានគិតពីការសន្សំរយៈពេលវែងពីក្មេងទៅទេ ច្រើនតែអាយុចាស់ហើយ (៥០ឆ្នាំ ទៅ៥៥ឆ្នាំ ឡើងទៅ) ដែលគាត់គិតថា ត្រូវសន្សំប្រាក់ដើម្បីចូលនិវត្តន៍ នៅពេលដែលឈប់ធ្វើការ។

លោក គា បូរាណ បានបញ្ជាក់ថា «បើសិនជាអាយុ៥៥ឆ្នាំហើយ បានទើបតែសន្សំ ប្រហែលជាមិនសូវមានលុយច្រើនទេ រហូតដល់ពេលនឹងយើងធ្វើការអត់កើត»

លោក គា បូរាណ ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ត្រូវធ្វើយ៉ាងម៉្តេចឲ្យចេះសន្សំជាមួយនឹងគ្រឹះស្ថាន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពីធនាគារជាតិកម្ពុជា ដើម្បីទុកប្រើប្រាស់ នៅពេលថ្ងៃខាងមុខ ក៏ឬទុកពេលប្រើប្រាស់ ពេលដែលចាំបាច់ណាមួយ។

លោកបានអះអាងថា ការធ្វើបែបនេះជៀសវាងនៅពេលដែលយើងត្រូវការ មិនចាំបាច់ទៅខ្ចីពីអ្នកដទៃភ្លាមៗ ដែលមានការប្រាក់ថ្លៃ និងត្រូវសងមកគេវិញ ក្នុងរយៈពេលខ្លី ដែលអាចឲ្យយើងធ្លាក់ចូល ទៅក្នុងវិបត្ដិបំណុលផងដែរ។

ជាមួយគ្នានោះ អ្នកជំនាញហិរញ្ញវត្ថុរូបនេះ ក៏បានអំពាវនាវឲ្យប្រជាជនកម្ពុជា ព្យាយាមប្រើប្រាស់គ្រឹះស្ថាន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជា ព្រោះសិទ្ធិរបស់គាត់ត្រូវបានការពារ ដោយសារតែគាត់ធ្វើការជាមួយគ្រឹះស្ថាន ដែលមានច្បាប់ត្រឹមត្រូវ។

លោក គា បូរាណ បានគូសបញ្ជាក់ទៀតថា មុនប្រើប្រាស់កម្ចី ត្រូវពិចារណាឲ្យបានច្បាស់លាស់ ថាតើការយកប្រាក់ទៅខ្ចី មានបំណងធ្វើអ្វី? មានផែនការច្បាស់លាស់ដែលឬអត់ ហើយអាចយកទៅប្រើប្រាស់ អាចមានប្រាក់ចំណូល អាចយកមកសង់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានឬអត់?៕