ប្រឡងថ្នាក់ជាតិលើកទី១ តាមក្បាច់គិតលេខរហ័ស លំដាប់ពិភពលោករបស់ PAMA រកឃើញកុមារឈ្នះមេដាយ១០០នាក់, ៣នាក់នឹងត្រូវទស្សនកិច្ចនៅម៉ាឡេស៉ី (Video inside)
19-08-2019 19:42
(ភ្នំពេញ)៖ កម្មវិធីគិតលេខរហ័សលំដាប់ពិភពលោក មានឈ្មោះថាប៉ាម៉ា (PAMA) បានរកឃើញកុមារឈ្នះមេដាយចំនួន១០០នាក់ ក្នុងនោះកុមារឈ្នះមេដាយចំនួនមាស២០នាក់, មេដាយប្រាក់ចំនួន៣០នាក់ និងមេដាយសំរិទ្ធចំនួន៥០នាក់ នៅក្នុងការប្រឡងថ្នាក់ជាតិលើកទី១ របស់ខ្លួន។
កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល CKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីស្វែងរកកុមារ ដែលអាចគិតលេខបានលឿនជាងគេបំផុត តាមរបៀបក្បាច់គិតលេខរហ័ស លំដាប់ថ្នាក់ពិភពលោកមួយនេះ។
ប្រធានកម្មវិធីប៉ាម៉ា លោក ផុន សុភា បានថ្លែងថា វិញ្ញាសារប្រឡងកម្មវិធីថ្នាក់ជាតិនេះមាន៣ គឺផ្តោតលើការសរសរ ការស្តាប់ និងការគណនាដោយមាត់ទទេ។ កុមារចំនួន៣នាក់ ដែលមានពិន្ទុខ្ពស់ជាងគេ ក្នុងចំណោមកុមារជ័យលាភីទាំង១០០នាក់ នឹងត្រូវបានជ្រើសរើសបន្ត ឲ្យធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៉ី។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជ័យលាភីមានមេដាយមាស ប្រាក់ និងសំរិទ្ធ ភ្ជាប់ជាមួយនឹងពានផងដែរ ហើយជ័យលាភីឆ្នើមចំនួន៣រូប នឹងត្រូវជ្រើសរើស សម្រាប់ដំណើរទស្សនកិច្ចសិក្សា នៅប្រទេសមាឡេស៉ីឆាប់ៗ...។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីជ្រើសរើសកុមារគិតលេខរហ័សទូទាំងប្រទេស បន្ទាប់ពីរៀនកម្មវិធីប៉ាម៉ា»។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលកម្មវិធីប៉ាម៉ា លោក ផុន ហុកឡាំ បានបន្ថែមថា កម្មវិធីប៉ាម៉ា គឺជាកម្មវិធីពិសេសមួយ សម្រាប់អភិវឌ្ឍន៍ខួរក្បាលកុមារទាំងសងខាង ដោយប្រើឧបករណ៍ក្បាច់គិតលេខ ហើយជាលទ្ធផលវាជួយឲ្យកុមារឆ្លាត ពូកែអង្កេត ពូកែផ្ចង់អារម្មណ៍ ពូកែគណិតវិទ្យា ពូកែចងចាំ និងគិតលេខបានរហ័សដោយមាត់ទទេ។ លោកបន្តថា កម្មវិធីនេះ អាចឲ្យកុមារគិតលេខរហ័ស គឺលើសការប្រើវិធីគិតលេខធម្មតា ដល់ទៅ៤ដងឯណោះ។
លោក ផុន ហុកឡាំ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្មវិធីនេះ នឹងផ្តួចផ្តើមឲ្យកុមារពូកែគណនាលេខ ពូកែគណិតវិទ្យា និងឈានទៅពូកែមុខវិជ្ជាផ្សេងៗទៀត ក្លាយជាកុមារ និងយុវជនរឹងមាំ មានការទទួលខុសត្រូវខ្ពស់។ កុមារដែលរៀនកម្មវិធីប៉ាម៉ា មិនត្រឹមតែពូកែទេ តែថែមទាំងបណ្តុះភាព ជាអ្នកដឹកនាំដើម្បីមានសមត្ថភាព ប្រកួតប្រជែង លើឆាកអន្តរជាតិផងដែរ»។
ម្តាយរបស់ប្អូនស្រី ផុន បញ្ញាវឌ្ឍនា មកពីស្រុកបាទី ខេត្តតាកែវ បានថ្លែងថា មូលហេតុដែលជំរុញលោកស្រី បញ្ជូនកូនទៅរៀនកម្មវិធីប៉ាម៉ា ព្រោះថាគាត់ចង់ឲ្យកូនគាត់ គិតលេខលឿនជាងមុន។ លោកស្រីបន្តថា ក្រោយពេលកូនលោកស្រី ទៅរៀនបានមួយរយៈ សង្កេតឃើញថា ពិតជាមានសមត្ថភាពគិតលេខខ្ពស់មែន សូម្បីយើងចុចម៉ាសីនគិតលេខ ក៏អត់ទាន់ក្មេងដែរ។
ទន្ទឹមនឹងនេះដែរ ម្តាយរបស់ប្អូនស្រី ផង់ រចនា បានអះអាងដែរថា កូនលោកស្រីទើបតែរៀនកម្រិតទី១ទេ ហើយក៏បញ្ជូនកូនស្រីមកប្រឡង កម្មវិធីថ្នាក់ជាតិរបស់ប៉ាម៉ាដែរ។ លោកស្រីថា កូនស្រីលោកស្រីចូលរួមបាន៣ខែទេ ប៉ុន្តែឆ្លាតខ្លាំងណាស់ ក្នុងការគិតលេខ និយាយទៅគ្រាន់តែឃើញខ្ទង់លេខ គិតលឿនតែម្តង។
សូមបញ្ជាក់ថា កម្មវិធីប៉ាម៉ា ជាស្នាដៃកូនខ្មែរ ទទួលបានការចុះបញ្ជីការពារស្នាដៃ តាមរយៈលិខិតចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ គោលបំណង នៃការបង្កើតកម្មវិធីប៉ាម៉ានេះឡើង ដើម្បីចូលរួមចំណែកពន្លឿន លើការលើកកម្ពស់គុណភាពអប់រំ នៅកម្ពុជាបន្ថែមទៀត ស្របតាមកម្មវិធីសិក្សា របស់សហគមន៍ជាតិ និងអន្តរជាតិ៕