Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញខាងអាហារកម្ពុជា៖ ដើម្បីកែច្នៃអាហារឱ្យមានគុណភាពខ្ពស់ ចាំបាច់ត្រូវតែដឹងពីសារធាតុចិញ្ចឹមនៅក្នុងវត្ថុធាតុដើមជាមុនសិន

17-08-2019 18:03

(ភ្នំពេញ)៖ លោក ជ្រុន រិទ្ធី ប្រធានបច្ចេកទេស និងធនធានមនុស្ស នៃសមាគមបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអាហារកម្ពុជា បានថ្លែងថា ដើម្បីធ្វើការកែច្នៃអាហារមួយឱ្យមានគុណភាពខ្ពស់ យើងចាំបាច់ណាស់ ត្រូវតែដឹងពីសារធាតុនៅក្នុងផលិតផល ដែលត្រូវកែច្នៃនោះជាមុនសិន ព្រោះការកែច្នៃអាហារ ត្រូវធ្វើយ៉ាងណាឱ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ មានសុវត្ថិភាព និងមានប្រយោជន៍ចំពោះអ្នកបរិភោគ។

លោក ជ្រុន រិទ្ធី បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាវាគ្មិន ក្នុងវេទិកាផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃ ចំណីអាហារ និងផលិតផលកសិកម្មឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អគារA។ វេទិកានេះក៏មានការចូលរួមពីលោកបណ្ឌិត ផេង វុត្ថា នាយករងសាលាកសិកម្មព្រែកលៀប, បណ្ឌិត ស្រេង ណាវីន ប្រធានមន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហារ រូមទាំងវាគ្មិន និងអ្នកចូលរួមជាច្រើនទៀតផងដែរ។

លោក ជ្រុន រឹទ្ធី បានថ្លែងបញ្ជាក់ថា ការបរិភោគអាហារ គឺយើងតែតែងត្រូវការសារធាតុចឹញ្ចឹម ដូចនេះ អាហារត្រូវទាមទារឱ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមានសុវត្ថិភាព និងមានប្រយោជន៍ដល់ អ្នកទទួលទាន ដូចនេះការកែច្នៃអាហារ គឺយើងត្រូវធ្វើយ៉ាងណាឱ្យមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយយើងត្រូវតែដឹងថា នៅពេលដែលយើងញធ្វើការកែច្នៃអាហារ តើសារធាតុគីមីអាហារនោះ មានការខូតខាចដែរឫទេ វាអាចបាត់បង់អ្វីខ្លះ ដូចនេះហើយការកែច្នៃចំណីអាហារ គឺត្រូវតែសិក្សាពីសារធាតុចិញ្ចឹមពីអាហារដែលយើងធ្វើការកែច្នៃនោះជាមុនសិន ដើម្បីកុំឱ្យបាត់បង់សារធាតុចឹញ្ចឹម និងវីតាមីន អស់ច្រើនពេក។

លោកបានបន្ថែមថា បើសិនជាយើងធ្វើការកែច្នៃដោយមិនបានដឹងពីរបៀបក្នុងកែរច្នៃច្បាស់លាស់នោះទេ គឺវានឹងធ្វើបាត់បង់នូវសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗ ដោយមិនបានផ្តល់ដល់អ្នកបរិភោគអាហារ ដែលយើងធ្វើការកែច្នៃនោះទេ។

លោក ផេង វុត្ថា បានថ្លែងថា ការកែច្នៃចំណីអាហារ គឺមានលក្ខណៈផ្សេងៗគ្នាជាច្រើនប្រភេទ ហើយដើម្បីឱ្យការកែច្នៃមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ រក្សាគុណភាព និងរយៈពេលនៃទុកចំណីអាហារនោះបានយូរ ចាំបាច់ណាស់យើងត្រូវយល់ឱ្យបានច្បាស់ពីមូលដ្ឋានគ្រឹះនៃអាហារទាំងអស់នោះសិនមុននឹងកែច្នៃ ដែលជាក់ស្តែងការកែច្នៃប្រភេទទឹកដោះគោ ដើម្បីធ្វើយ៉ាងណាផ្តល់នូវសារៈប្រយោជន៍ទាំងលើក្មេង និងមនុស្សចាស់ យើងត្រូវតែដឹងឱ្យបានច្បាស់ថា តើនៅក្នុងទឹកដោះគោ មានសារធាតុអ្វីខ្លះ ដើម្បីឱ្យយើងធ្វើការកែរច្នៃ អាចរក្សាគុណភាពនៅក្នុងទឹកដោះគោនោះបានល្អ ហើយពេលយើងយកមកបរិភោគពិតជាទទួលបានគុណភាពពីទឹកដោះគោនោះពិតប្រាកដ។

លោកបានបន្ថែមទៀតថា នៅក្នុងទឹកដោះគោ មានសារធាតុដូចជា ប្រូតេអ៊ីន រ៉ែ វីតាមីន កាល់ស្យូម វីតាមីនផ្សេងៗទៀត ដូចនេះហើយទឹកដោះគោ ដែលយើងយកមកកែច្នៃ យើងត្រូវតែដឹងឱ្យបានច្បាស់ថា នៅពេលដែលយើងធ្វើការកែច្នៃ នៅក្នុងកម្រិតសីតុណ្ហភាពណាមួយ និងក្នុងរយៈពេលណាមួយ តើវាអាចបាត់បង់នូវវីតាមីនណាខ្លះ ក្នុងនោះដែរយើងក៏ត្រូវតែដឹងដែរថា នៅពេលដែលយើងប្រើកម្តៅមិនគ្រប់គ្រាន់ វាអាចបង្ករឱ្យមានបាត់តេរីយ៉ាងដូចម្តេច កើតឡើងក្នុងផលិតផលយើងកែរច្នៃនោះផងដែរ ដូចនេះហើយអ្នកកែរច្នៃអាហារ ត្រូវតែទាមទារឱ្យមានការសិក្សាឱ្យបានច្បាស់លាស់ពីមូលដ្ឋានគ្រឹះឱ្យបានត្រឹមត្រូវជាមុនសិន មុននឹងធ្វើការកែរច្នៃផលិតផលណាមួយឱ្យទទួលបានគុណភាពខ្ពស់៕