Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ​ ជូនដំណឹងអំពីការបាត់បង់តំណែងទីប្រឹក្សា ឬជំនួយការរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក អាណត្តិទី៣ (Video inside)

12-08-2019 18:50

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានចេញលិខិតជូនដំណឹងអំពីការបញ្ចប់តំណែងតំណែងទីប្រឹក្សា ឬជំនួយការ ដែលកាន់ដោយប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក អាណត្តិទី៣ មុនជាប់ឆ្នោត។ នេះបើតាមលិខិតណែនាំរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមលិខិតក្រសួងមហាផ្ទៃ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា មានប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣នេះ មួយចំនួនត្រូវបានតែងតាំងជាទីប្រឹក្សា ឬជាជំនួយការ មុនពេលជាប់ឆ្នោត និងមានមួយចំនួនទៀត ត្រូវបានតែងតាំងមុខតំណែងជាទីប្រឹក្សា ឬជាជំនួយការ ក្រោយពេលជាប់ឆ្នោត។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃបានធ្វើការណែនាំថា ចំពោះប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលត្រូវបាន តែងតាំងជាទីប្រឹក្សា ឬជាជំនួយការ ដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ឬប្រកាសមុនជាប់ឆ្នោតនោះ មុខតំណែងទីប្រឹក្សា ឬជំនួយការនឹងត្រូវបាត់បង់ និងជំនួសដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យស្តីពីការទទួលស្គាល់ប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ តាមគោលការណ៍លិខិតឯកត្តភូតដែលចេញមុន ត្រូវបានជំនួសដោយលិខិតឯកត្តភូតដែលចេញក្រោយ។

ករណីនេះ សាមីខ្លួននៅសល់មុខតំណែងតែមួយ គឺជាប្រធាន ឬជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តែប៉ុណ្ណោះ។ ទន្ទឹមនោះចំពោះការរៀបចំ និងការបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ គឺសាមីខ្លួនម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងមុខតំណែងជាប្រធាន ឬសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ដោយឡែកចំពោះប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលត្រូវបានតែងតាំងជាទីប្រឹក្សា ឬជាជំនួយការ ក្រោយពេលជាប់ឆ្នោតហើយនោះ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា មុខតំណែងប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងនេះ មិនត្រូវបានបាត់បង់ឡើយ ដោយសារប្រធាននិងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាមន្ត្រីសាធារណៈដែលមានអាណត្តិ ត្រូវបានជ្រើសរើសចេញពីការបោះឆ្នោត។

ក្រសួងបានអះអាងថា៖ ករណីនេះ សាមីខ្លួនត្រូវសម្រេចចិត្តធ្វើការជ្រើសរើសយកមុខតំណែងណាមួយ ក្នុងចំណោមមុខតំណែងជាទីប្រឹក្សា ឬជំនួយការ ឬជាប្រធាន ឬជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ អាណត្តិទី៣។ ចំពោះការរៀបចំ និងការបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ គឺសាមីខ្លួនម្នាក់ៗ ទទួលបានប្រាក់បំណាច់ ឬប្រាក់ឧបត្ថម្ភប្រចាំខែក្នុងមុខតំណែងដែលបានជ្រើសរើសនោះ៕

ខាងក្រោមនេះជាលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖