Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមកីឡាបាល់ទាត់សេនាយុត្តិធម៌ បំពេញទស្សនកិច្ចសិក្សា និងប្រកួតបាល់ទាត់មិត្តភាព ជាមួយក្រុមកីឡាករបាល់ទាត់ នៃក្រុមហ៊ុន Khmer Beverages

10-08-2019 18:40

(ភ្នំពេញ)៖ ដោយបានការឧបត្ថម្ភ និងការគាំទ្រពី លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ នៅរោងចក្រផលិតស្រាបៀរ និងភេសជ្ជ នៃក្រុមហ៊ុន Khmer Beverages ក្រុមបាល់ទាត់សេនាយុត្តិធម៌ បានបំពេញទស្សនកិច្ចសិក្សា និងធ្វើការប្រកួតបាល់ទាត់ ជាលក្ខណៈមិត្តភាព ជាមួយក្រុមកីឡាករបាល់ទាត់ នៃក្រុមហ៊ុន Khmer Beverages។

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមសេនាយុត្តិធម៌ បានថ្លែងថា ការបំពេញទស្សនកិច្ចសិក្សា និងការប្រកួតមិត្តភាពនាថ្ងៃនេះ គឺក្នុងគោលបំណងសិក្សាស្វែងយល់ពីសង្វាក់ផលិតកម្ម របស់រោងចក្រផលិតស្រាបៀរ និងភេសជ្ជដែលទំនើបជាងគេ របស់កូនខ្មែរយើង និងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមសេនាយុត្តិធម៌ និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិករបស់ក្រុមហ៊ុន Khmer beverage ដែលបានទទួលស្វាគមន៌យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំ នៃក្រុមហ៊ុន Khmer beverages។

លោកបានកត់សម្គាល់បន្ថែមថា ក្រុមបាល់ទាត់សេនាយុត្តិធម៌ ជាក្រុមកីឡាករ ដែលស្ថិតក្នុងវិស័យយុត្តិធម៌ រួមមាន សមាជិក នៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម, មន្ត្រីរាជការ នៃក្រសួងយុត្តិធម៌, ប្រធាន, អនុប្រធាន, ព្រះរាជអាជ្ញា, ព្រះរាជអាជ្ញារង, ចៅក្រមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ក្រឡាបញ្ជី និងមេធាវីផងដែរ។

គួររំលឹកផងដែរថា ក្រុមសេនាយុត្តិធម៌នេះ ក៏ធ្លាប់បានចូលរួម ប្រកួតជាមិត្តភាពមួយក្រុមបាល់ទាត់ របស់សាលាដំបូងខេត្តនានា នៅប្រទេសកម្ពុជា និងនៅបរទេសជាច្រើនដងរួចហើយ៕