Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសង្គមកិច្ចចុះ MoU ជាមួយអង្គការចំនួន៦ ដើម្បីជួយលើការអប់រំ និងមើលថែដល់កុមារកំព្រា ងាយរងគ្រោះ និងរងគ្រោះនៅកម្ពុជា

09-08-2019 18:34

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន៦ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយផ្តោតសំខាន់លើការអប់រំ និងមើលថែ ដល់កុមារកំព្រា ងាយរងគ្រោះ និងរងគ្រោះនៅកម្ពុជា។

អង្គការទាំង៦នោះរួមមាន ៖១៖ អង្គការដលើម្បីភាពញញឹមនៃកុមារ, ២៖ អង្គការថែរក្សាកុមារកម្ពុជាអាយស៊ីស៊ី, ៣៖ អង្គការសុខសប្បាយ, ៤៖ អង្គការថ្មជ្រុងយ៉ាងឯក, ៥៖អង្គការមជ្ឈមណ្ឌលជម្រកនៃសេចក្តីស្រឡាញ់, ៦៖ អង្គការ OPERATION HOPE FOUNDATION។

ពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀង (MoU) នាពេលនេះ បានរៀបចំឡើងជាផ្លូវការ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការរួមពីថ្នាក់ដឹកនាំអង្គការទាំង៦ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះ លោក តូច ចាន់នី បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។

បន្ថែមពីលើនោះ លោក តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើបាន។ សម្រាប់ក្រសួង ស.អ.យ វិញនៅតែស្វាគមន៍ជានិច្ចជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា អង្គការទាំង៦ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ចនាពេលនេះ សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែក និងធ្វើ សកម្មភាពជួយលើការអប់រំ និងមើលថែ ដល់កុមារកំព្រា ងាយរងគ្រោះ និងរងគ្រោះនៅកម្ពុជា៕