Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តព្រះវិហារ ចុះជួសជុលផ្លូវដែលខូចខាតដោយសារជំនន់ទឹកភ្លៀង ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

02-08-2019 18:21

(ព្រះវិហារ)៖ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងនោះ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជូនមន្ត្រីជំនាញ ចុះជួសជុលភ្លាមៗ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាបណ្តោះអាសន្ន ស្របតាមការណែនាំរបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែសីហានេះ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានណែនាំ ឱ្យមន្ទីរសាធារណៈការ នៅតាមរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ថែទាំផ្លូវថ្នល់ ឱ្យបានល្អ និងមានគុណភាពនោះ។ ដូច្នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងបានយកចិត្តទុកដាក់ថែទាំផ្លូវថ្នល់ទូទាំងខេត្តជាប្រចាំបានយ៉ាងល្អប្រសើរផងដែរ។

ជាមួយគ្នានោះ ដោយអនុវត្តតាមការណែនាំរបស់ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកចុះពិនិត្យមើលផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានោះ គឺលោកបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សាផលប៉ះពាល់ និងពិនិត្យលទ្ធភាព ដើម្បីធ្វើការជួសជុលផ្លូវបណ្តោះអាសន្ន សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់សិន។

ប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា ក្នុងចំណោមផ្លូវដែលរងការខូចខាតខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ គឺផ្លូវចំណុច PK17+៨០០ ស្ថិតក្នុងភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ គឺទឹកបានហូរបុកយ៉ាងខ្លាំងបណ្តាលឱ្យដាច់ផ្លូវក្រៅ ពីនោះមិនមានរងផលប៉ះពាល់ខ្លាំងនោះទេ។

លោក សំ លាងទ្រី បានគូសបញ្ជាក់ថា ដើម្បីធ្វើការជួសជុលផ្លូវក្រាលគ្រួសក្រហម ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងហូរបុកដាច់នេះ ឱ្យប្រជាពលរដ្ឋបានឆ្លងកាត់ជាបណ្តោះអាសន្ននោះ មន្ត្រីជំនាញបានកាយផ្លូវបង្ហូរទឹកដោយដាក់លូចំនួន៦កង់ ជាបណ្តោះអាសន្ន និងចាក់ថ្ម ចាក់ដីកិនបង្ហាប់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានធ្វើដំណើរសិន។ ចំណែកការធ្វើផ្លូវនេះ ឱ្យត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូននោះ គឺយើងនឹងរៀបចំធ្វើនៅរដូវប្រាំង៕