Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង ដកហូតទំនិញខូចគុណភាពចម្រុះ២៥គីឡូក្រាម នៅផ្សារមោងឬស្សី យកមករក្សាទុកនៅសាខា ដើម្បីដុតកម្ទេចចោលពេលក្រោយ

16-07-2019 17:11

(បាត់ដំបង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅនៅផ្សារមោងឬស្សី ឃុំមោង ស្រុកមោងឫស្សី។

មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានដកហូតទំនិញខូចគុណភាពចម្រុះប្រមាណ ២៥គីឡូក្រាម យកមករក្សាទុកនៅសាខា ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយមានការណែនាំ និងរឹតបន្តឹងពីអគ្គនាយកដ្ឋានកាំកុងត្រូល ឲ្យចុះធ្វើជាប្រចាំរួចមក សាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្រ្តីជំនាញទាំងអស់ តែងបានចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ គ្រប់គ្នាជាអ្នកប្រើប្រាស់ផ្ទាល់។

លោកប្រធានបានបន្តថា មន្រ្តីសាខាកាំកុងត្រូលទាំងអស់ បានចុះអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយៈបិទស្ទិកឃើ នៅនឹងកន្លែងលក់ក្នុងផ្សារ ឬតាមប្រព័ន្ធផ្សាយផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ទាំងអស់ថា «យើងនាំគ្នាប្តេជ្ញាចូលរួមទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀតផងដែរ»៕