Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ ដោយសារតែកំណើនយានយន្តកើនឡើងខ្លាំង ទើបធ្វើឱ្យចរាចរណ៍មានការកកស្ទះ និងគ្រោះថ្នាក់ច្រើន

27-06-2019 15:31

(ភ្នំពេញ)៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សារសំខាន់នៃសុវត្ថិភាព និងការពិចារណាលើបរិស្ថានក្នុងវិស័យដឹកជញ្ជូន បាននិងកំពុងកើនឡើងខ្លាំងនាពេលសព្វថ្ងៃនេះ ដោយសារតែការនាំចូលរថយន្តមានការកើនឡើង ដែលធ្វើឱ្យមានផលប៉ះពាល់ខ្លាំង ចំពោះចរាចរណ៍ផ្លូវគោកដូចជា ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ក្នុងនោះ ក្រសួងបាននិងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការដោះស្រាយ ក៏ដូចជា ការធ្វើឱ្យប្រសើរឡើងនូវបញ្ហាទាំងនេះក្នុងទិដ្ឋភាពជាច្រើន។

លោក តូច ចាន់កុសល បានលើកឡើងយ៉ាងដូចនេះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៦ (6th JCC Meeting) នៃគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅសណ្ឋាគារភ្នំពេញ។ ពិធីនេះដែលក៏មានការចូលរួមលោក Sugano Yuuichi ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា លោក Tooji Ryuugo ប្រតិភូក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក តូច ចាន់កុសល បានបន្តថា ចាប់តាំងពីឆ្នាំ២០១៦មក ក្រសួងសាធារណការ និងដឹកជញ្ជូន បានព្យាយាមក្នុងការធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធនៃការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត ក្រោមកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេសរបស់ JICA តាមរយៈគម្រោង ទំនើបកម្មនៃប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត JICA/MVRIនេះ ហើយយើងបានចាប់ផ្តើមអនុវត្តសកម្មភាពធ្វើឱ្យប្រសើរឡើងអស់ រយៈពេលបីឆ្នាំរួចមកហើយ ហើយថ្ងៃនេះគឺជាកិច្ចប្រជុំលើកចុងក្រោយនៃគម្រោងនេះផងដែរ។

លោកបានបន្ថែមទៀតថា លើសពីនេះទៅទៀត លោកក៏ចង់ឃើញលទ្ធផលល្អ នៃការចុះបញ្ជីរថយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធព័ត៌មានវិទ្យា IT និងសកម្មភាព ផ្សព្វផ្សាយជាសាធារណរ។ ដូច្នេះមកទល់នឹងពេលនេះ ក្រសួងកំពុងខិតជិតដល់ដំណាក់កាល ចុងក្រោយនៃគម្រោងនេះ។ រដ្ឋលេខាធិការសង្ឃឹមថា នឹងបានឃើញថាគម្រោងនេះ បានចូលរួមយ៉ាងសកម្មនៅក្នុងការសម្រេចបាននូវគោលដៅរួម តាមរយៈកិច្ចប្រជុំ JCC។

លោក SUGANO Yuichi បានលើកឡើងដែរថា គម្រោងនេះក៏បានបង្កើតនូវគោលការណ៍ ណែនាំសម្រាប់ការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត។ លើសពីនេះទៀត គម្រោងនេះបានគាំទ្រទៅ លើផ្នែកប្រព័ន្ធព័ត៌មានវិទ្យានៅតាមរយៈការផ្គត់ផ្គង់ ជាឧបករណ៍ IT សម្រាប់បង្កើននូវប្រសិទ្ធិភាពរបស់ប្រព័ន្ធ និងធ្វើឲ្យមានភាពងាយស្រួលនូវនីតិវិធីដាក់ពាក្យស្នើសុំផងដែរ៕