Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមគ្រួសារជនសង្ស័យគ្រឿងញៀននៅស្រុកស្អាង ស្នើសុំឲ្យសមត្ថកិច្ច បញ្ជូនគ្រឿងអលង្ការរបស់ជនសង្ស័យទៅតុលាការ ក្រោយរកមិនឃើញ

25-06-2019 20:10

(កណ្តាល)៖ ស្ត្រីម្នាក់ឈ្មោះ ភោក តាប់ រស់នៅភូមិព្រែកហូលិច សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានអះអាងថា ខ្លួនជាម្តាយជនសង្ស័យឈ្មោះ ពៅ សំអឿន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិឃុំជាមួយម្តាយក្នុងភូមិខាងលើ។

ជនសង្ស័យរូបនេះ ត្រូវនគរបាលស្រុកស្អាង ឃាត់ខ្លួនបានកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ជាប់ពាក់ព័ន្ធគ្រឿងញៀននៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ជាមួយជនសង្ស័យ ៤នាក់ទៀតផងដែរ។

ស្ត្រីជាម្តាយបាននិយាយថា កូនគាត់មានគ្រឿងអលង្ការជាប់ខ្លួន មានខ្សែកចំនួនពីរខ្សែ ខ្សែដៃចំនួនមួយខ្សែ និងចិញ្ចៀនចំនួនបីវង់ ប៉ុន្តែពេលបញ្ជូនកូនគាត់ទៅតុលាការ ពុំបានបញ្ជូនវត្ថុតាងនេះទេ ហើយស្ត្រីរូបនេះ បានស្នើសុំដល់នគរបាលស្រុកស្អាង ជួយបញ្ជូនគ្រឿងអលង្ការទាំងនេះមកតុលាការផង។ ការស្នើសុំនេះក្រោយពីគាត់បានមកជួបកូននៅតុលាការហើយ កូននិយាយរៀបរាប់ប្រាប់ថា នគរបាលដោះចេញ។

ពាក់ព័ន្ធនឹងការស្នើសុំនេះលោក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានប្រាប់ថា ចំពោះគ្រឿងអលង្ការក្នុងពេលដែលបង្ក្រាបនោះ មុនដំបូងជនសង្ស័យបាននិយាយថា បាត់ ក្រោយមកក៏បានសួរនាំទៅ ជនសង្ស័យឈ្មោះ ពៅ សុភ័ក្រ ត្រូវជាប្តីឈ្មោះ ពៅ សំអឿន ទើបរកឃើញគ្រឿងអលង្ការទាំងនោះវិញ។

តែលោកមិនបានបញ្ជាក់ថា គ្រឿងអលង្ការនោះមានអ្វីខ្លះ និងចំនួនប៉ុន្មាននោះទេ? លោកគ្រាន់តែអះអាងថា គេបានយកទៅបង្ហាញនៅមុខសាមីជនសង្ស័យថែមទាំងបានថតបង្ហាញ និងបញ្ជូនមកតុលាការទៀតផង។ ដោយឡែកលោក សូ សារិន្ទ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០១៩ថា នៅក្នុងសំណុំរឿងនេះ សម្ភារទាំងនោះ មិនបានសរសេរចូលនៅក្នុងកំណត់ហេតុប្រគល់វត្ថុតាងនោះទេ។

លោក សូ សារិន្ទ បានបន្តថា ចំណែកនៅក្នុងរបាយការណ៍ស្តីពី ការបង្ក្រាបគ្រឿងញៀនរបស់នគរបាលស្រុកស្អាង ក៏មិនបានឃើញសរសេរចូលដែរ គឺមានតែវត្ថុតាងរឹបអូសយក បានម្សៅក្រាមពណ៌ ស ថ្លាសង្ស័យថា ជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ១៥កញ្ចប់ ក្នុងនោះធំ ២កញ្ចប់, តូច ១៣កញ្ចប់ និងឧបករណ៍សំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ គ្រឿង, ម៉ូតូ២គ្រឿង។ ចំណែកគ្រឿងអលង្ការ មិនមានសរសេរចូលនៅក្នុងរបាយការណ៍នេះទេ៕