Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងបងប្អូនខ្មែររស់នៅអាមេរិក បន្ដចុះចែកកង់ និងកាតាបជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា «ពោល្យំ» ខេត្តពោធិ៍សាត់

25-06-2019 14:51

(ពោធិ៍សាត់)៖ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិកនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានបន្ដចុះចែកកង់ និងកាតាបជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា «ពោល្យំ» ស្ថិតនៅភូមិពោល្យំ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ការចុះចែកកង់ និងកាតាបជូនដល់សិស្សានុសិស្ស ខាងលើនេះ គឺធ្វើឡើងតាមការសន្យា របស់សមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា ដែលបានសន្យាថា នឹងផ្តល់ជូនកង់ សម្រាប់សិស្សានុសិស្ស ដែលមានការខ្វះខាត និងផ្ទះនៅឆ្ងាយពីសាលា តាមការស្នើសុំរបស់នាយកសាលាបឋមសិក្សា «ពោល្យំ»។

លោក មែ ស៊ីថុន ប្រធានសមាគម បានឲ្យដឹងថា នេះជាលើកទី២ ដែលសមាគម បានធ្វើតាមការសន្យារបស់ខ្លួន ដោយសហការជាមួយលោក ចា ស្ទីន តំណាងបងប្អូនខ្មែរ រស់នៅសហរដ្ឋអាមេរិក នាំយកនូវកង់១៣គ្រឿង និងកាតាប ២៧៩ ផ្តល់ជូនក្មួយៗសិស្សានុសិស្ស ព្រមទាំងជូនកាដូដល់លោកគ្រូ-អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរ ក្រោមប្រធានបទ «ចូលរួមចែករំលែកសេចក្តី ស្រលាញ់ដល់សង្គម» ក្រោមដំបូលសន្តិភាព។

លោក មែ ស៊ីថុន បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីផ្តល់ក្តីស្រលាញ់ ដល់ក្មួយៗសិស្សានុសិស្ស ចង់ឲ្យក្មួយៗ ទាំងអស់ខិតខំរៀនសូត្រ យកចិត្តទុកដាក់លើការសិក្សា និងលើកទឹកចិត្តក្មួយៗ ឲ្យចេះចែករំលែកក្តី ស្រលាញ់ដល់សង្គម ដែលសង្គមកម្ពុជា យើងមានចំពោះក្មួយៗនាពេលបច្ចុប្បន្ន ហើយជាវប្បធម៌ដ៍ល្អរវាងខ្មែរ និងខ្មែរ មានតែខ្មែរយើងទេដែលស្រលាញ់ និងជួយខ្មែរពិតប្រាកដ ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍន៍។

ជាមួយគ្នានោះ ឆ្លើយតបទៅនឹងសំណើសុំ របស់គណៈទ្រទ្រង់នៃសាលាឋមសិក្សា «ពោល្យំ» នូវរបងសាលាចំនួន២២ប្រលោះ សមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា នឹងជូនសាលាតាមការស្នើសុំផងដែរ។ សូមបញ្ជាក់ថា សមាគមអតីតសិស្ស-និសិ្សតនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ថ្វីត្បិតតែសមាគមនេះ ទើបតែបង្កើតក៏ពិតម៉ែន ប៉ុន្តែក្រុមអតីតសិស្សនិស្សិតដែលជាសមាជិកស្នូលក្នុងសមាគមនេះ បានចូលរួមកម្មវិធីមនុស្សធម៌ផ្សេងៗ ប្រមូលផ្តុំយុវជនគំរូ ផ្តួចផ្តើមគំនិត និងគៀងគរធនធាន សម្រាប់ចូលរួមសកម្មភាពសង្គម ក្នុងគោលដៅរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ៕