Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះចៅអធិការវត្តពោធិ៍ចិនតុង គេចព្រះកាយចេញពីវត្តបាត់ ក្រោយមានរឿងអាស្រូវបែកធ្លាយរូប នៅលើគ្រែជាមួយស្រីស្នេហ៍

25-06-2019 10:54

(ភ្នំពេញ)៖ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវកេរ្តិ៍ និងរូបភាពជាច្រើនសន្លឹកលួចលាក់រួមមេត្រីជាមួយស្រីស្នេហ៍ ស្រាប់តែនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រះចៅអធិការវត្តពោធិ៍ចិនតុង បានគេចព្រះកាយពីវត្តបាត់ហើយ។

ការបាត់ព្រះកាយព្រះអង្គ បានកើតឡើងក្រោយពេលដែលអាជ្ញាធរ និងមន្ដ្រីជំនាញកាលពីព្រឹកម្សិលមិញ បានបើកការប្រជុំបន្ទាន់មួយ ក្រោយមានការបែកធ្លាយរូបភាពមិនប្រក្រតី នៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងព្រះចៅអធិការវត្តពោធិ៍ចិនតុង និងស្រីស្នេហ៍។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព ព្រះធម្មបញ្ញាមុនី សែម សុភា ព្រះអនុគណស្តីទីខណ្ឌពោធិ៍សែនជ័យ ដោយបាននិមន្តនិងអញ្ជើញ មន្ត្រីសង្ឃ និងភាគីពាក់ព័ន្ធ នៅសាលាអនុគណខណ្ឌពោធិ៍សែនជ័យ។

ក្នុងកិច្ចប្រជុំនោះ ព្រះធម្មបញ្ញាមុនី សែម សុភា មានសង្ឃដីកាថា ការបើកកិច្ចប្រជុំនេះ ដោយសារឃើញមានរូបភាពមិនប្រក្រតី ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក រឿងរូបថតរបស់ ភិក្ខុ វ៉ាន វន្លឺ ព្រះចៅអធិការវត្តពោធិសត្ថារាម (ហៅពោធិ៍ចិនតុង) និងនារីម្នាក់ ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ ព្រះចៅអធិការវត្តពោធិ៍ចិនតុង និងស្រ្តីដែលឃើញនៅក្នុងរូបថតជាមួយព្រះអង្គ បានបដិសេធដូចគ្នាថា ជារូបកាត់ត ខណៈមជ្ឈដ្ឋានជាច្រើនមិនបានជឿនោះឡើយ។ ក្រោយមានកិច្ចប្រជុំនេះ ស្រាប់តែនៅព្រឹកនេះ ក៏បាត់ព្រះកាយព្រះអង្គតែម្តង ដូច្នេះត្រូវបានពុទ្ធបរិស័ទដាក់ការសង្ស័យយ៉ាងច្បាស់ថា រឿងដេកនៅលើគ្រែជាមួយស្រីស្នេហ៍នោះ គឺពិតជាកើតឡើងមែន៕