Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអាល្លឺម៉ង់ បន្តជួយលើវិស័យដោះមីននៅកម្ពុជា (Video inside)

19-06-2019 12:38

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក អ៊ីងហ្គោ ខាស្ទិន (Ingo Karsten) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចូលជួបសំដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា លោក អ៊ីងហ្គោ បានគោរពជូនសម្ដេចតេជោថា បេសកកម្មរបស់លោកនៅកម្ពុជាកន្លងមក ស្ថិតនៅក្នុងពេលវេលា ដែលគួរជាទីចាប់អារម្មណ៍ជាទីបំផុត។ លោកបានបន្តថា បេសកកម្មនៅកម្ពុជា ចំពេលដែលគួរជាទីចាប់អារម្មណ៍បំផុត ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចនិងនយោបាយ ដែលសេដ្ឋកិច្ចសង្គមកិច្ច និងនយោបាយរបស់កម្ពុជាមានកម្លាំង មានសន្ទុះ និងការអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយលោកបានសំដែងនូវការរីករាយ ដែលបានឃើញធ្វើជាសាក្សី នៃការអភិវឌ្ឍនេះ។

លោកក៏បានសំដែងនូវការរីករាយ ដែលបានចូលរួមចំណែកធ្វើការជាមួយកម្ពុជា ជាដៃគូដ៏ល្អ ក្នុងដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសជាមួយនឹងការរីករាយ អបអរសាទរ ពីអ្នកវិនិយោគមកពីប្រទេសអាល្លឺម៉ង់ ពាក់ព័ន្ធនឹងទីផ្សាររបស់កម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវអំណរគុណជូនដល់លោក អ៊ីងហ្គោ ចំពោះចំណាប់អារម្មណ៍របស់លោក។ សម្ដេចតេជោ បានមានប្រសាសន៍ថា «អ្វីដែល ឯកឧត្តម អ៊ីងហ្គោ បានមានប្រសាសន៍នោះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាយើង ហើយក៏ជាសមិទ្ធផល ជាលទ្ធផលដែលកម្ពុជាទទួលបាន តាមរយៈយុទ្ធសាស្ត្ររបស់កម្ពុជា គឺមានពីរ។ ការកែប្រែតំបន់សង្គ្រាម ឲ្យទៅជាតំបន់អភិវឌ្ឍន៍ទីផ្សារ កែប្រែព្រំដែនឲ្យ ទៅជាព្រំដែនមានសុខសន្តិភាព មិត្តភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ហើយការកែប្រែព្រំដែនឲ្យក្លាយទៅជាតំបន់ទីផ្សារពាណិជ្ជកម្ម»

ឆ្លៀតឱកាសនោះ ប្រមុខរាជរដ្ឋាភិបាល បានសំដែងនូវអំណរគុណជូនចំពោះលោក អ៊ីងហ្គោ និងរដ្ឋាភិបាល ក៏ដូចជា ប្រជាជនអាល្លឺម៉ង់ដែរ ដែលជារៀងដរាបមកបានជួយកម្ពុជា ទាំងវិស័យដោះមីន ទាំងការអភិវឌ្ឍន៍ជនបទ ទាំងវិស័យវប្បធម៌ និងវិស័យផ្សេងៗទៀតជាច្រើនទាំងនោះ គឺជាសន្តានចិត្ត គឺជាមិត្ត គឺជាដៃគូដ៏ល្អរបស់កម្ពុជា។ ក្នុងនេះដែរសម្ដេចតេជោ​ ហ៊ុន សែន ក៏បានស្នើសុំឲ្យភាគីអាល្លឺម៉ង់ បន្តជួយដល់កម្ពុជាទៀត ជាពិសេសលើវិស័យដោះមីន និងមជ្ឈមណ្ឌលមីនអាស៊ាន នៅកម្ពុជា៕