ក្រោយទទួលដំណឹង មន្ត្រីជំនួយការកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ទទួលមរណភាព, លោក ជា ពិសី ចាត់មន្ដ្រីរដ្ឋបាលខណ្ឌយកបច្ច័យចូលរួមរំលែកទុក្ខ
30-05-2019 10:43
(ភ្នំពេញ)៖ ក្រោយពីទទួលបានដំណឹងដ៏សែនក្រៀមក្រំបំផុតថា លោក វាំង សាវុធ ជាមន្ត្រីជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បានដួលបោកក្បាល បណ្ដាលឲ្យទទួលមរណភាព នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩, លោក ជា ពិសី ក្នុងនាមរដ្ឋបាលខណ្ឌទាំងមូល នៅថ្ងៃទី២៩ ខែឧសភា បានចាត់ឲ្យមន្ត្រីនាំយកបច្ច័យ និងគ្រឿងបរិភោគជាអង្ករ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានតម្កល់សពធ្វើបុណ្យតាមប្រពៃណី នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជាមួយគ្នានេះ ក្រោយពីយកបច្ច័យ និងអង្ករចូលរួមបុណ្យរំលែកទុក្ខ ជាមួយគ្រួសារសពលោក វាំង សាវុធ ជាមន្ត្រីជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌឫស្សីកែវ ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃដដែលនេះ តំណាងលោក ជា ពិសី អភិបាលខណ្ឌ គឺលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ រួមដំណើរដោយអភិបាលរងខណ្ឌ លោកស្រី សួស សូលីដា និងលោក-លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់ និងយុវជន បានចុះជួបសួរសុខទុក្ខ ដោយនាំយកបច្ច័យ និងគ្រឿងបរិភោគជាអង្ករមកចូលរួមបុណ្យសពលោកយាយ ឆែម សាង ដែលជាប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ និងលោកយាយ ចាន់ ឈាន ជាជាងកាត់ដេរអាវរបស់សមាគមនារីខណ្ឌ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២។
ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ខ្សឹបខ្សួល រំជួលចិត្តដ៏សែនក្រៀមក្រំ យ៉ាងក្រៃលែងនេះ លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា តំណាងឲ្យលោក ជា ពិសី ព្រមទាំងមន្ត្រីចំណុះរដ្ឋបាលខណ្ឌទាំងអស់ សូមចូលរួមរំលែកទុក្ខ និងសម្តែងនូវការសោកស្តាយបំផុត ចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់សាច់ញាតិជាទីស្រឡាញ់ និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕