Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្យល់កន្ត្រាក់វាយបំផ្លាញផ្ទះពលរដ្ឋ ១៥៥គ្រួសារ នៅស្រុករមាសហែក, ថ្ងៃនេះអភិបាលខេត្តស្វាយរៀង នាំអំណោយកាកបាទក្រហម ទៅជួយសង្គ្រោះបន្ទាន់

27-05-2019 19:47

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ចំនួន១៥៥គ្រួសារ មកពីឃុំត្រពាំងស្ដៅ ឃុំអណ្ដូងពោធិ៍ និងឃុំចន្ត្រី ស្រុករមាសហែក។

ថ្លែងនៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមនៅថ្ងៃនេះ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ជាមួយនេះ លោក ម៉ែន វិបុល បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរដែនដី និងកងកម្លាំងនៅមូលដ្ឋានទាំងអស់ ដែលបានជួយអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា និងបានជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ។

ទន្ទឹមនេះ លោកក៏ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់។ ជាមួយគ្នានេះ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹក ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើម សម្រាប់ការងារបង្កបង្កើនផលនារដូវវស្សាខាងមុខឲ្យបានទាន់ពេលវេលា៕