Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ បន្តឲ្យយករថយន្ដទៅបាញ់ទឹកស្រោចស្របទីធ្លា និងដំបូលសាលាចំនួន៦ ដើម្បីបន្ថយកម្ដៅជូនសិស្ស និងគ្រូ

01-05-2019 17:04

(ភ្នំពេញ)៖ សិស្សានុសិស្សកំពុងបន្តរៀនសូត្រនៅសាលាបឋមសិក្សាចំនួន៦ ក្នុងខណ្ឌឬស្សីកែវ ដែលប្រឈមនូវការប្រែប្រួលអាកាសធាតុក្ដៅខ្លាំង ពេញមួយថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ ទទួលបានការបាញ់ទឹកស្រោចស្របជោគជាំដោយរថយន្ដពន្លត់អគ្គិភ័យទាំងលើដំបូល និងទីធ្លាសាលា ដើម្បីសម្រួលដល់ការកាត់បន្ថយកម្ដៅខ្លះៗ ក្រោមការយកចិត្តទុកដាក់ពីលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ។

លោក ជា ពិសី បានបញ្ជាក់ថា សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាដែលទទួលបានការបាញ់ទឹកស្រោចស្របជោគជាំ ដោយរថយន្ដពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវ ទាំងលើដំបូល និងទីធ្លាសាលា ដើម្បីឲ្យត្រជាក់ខ្លះៗឡើងមកវិញនោះ រួមមាន៖ សាលាបឋមសិក្សាច្រាំងចំរេះ, សាលាចំរើនជាតិ, សាលាឫស្សីកែវ, សាលាទួលសង្កែ, សាលាពញ្ញាក្រែក, និងសាលាចំរើនរដ្ឋ ដោយមានការចូលរួមសហការពី អាជ្ញាធរសង្កាត់ និងប្រជាការពារ។

លោកអភិបាលខណ្ឌបន្ថែមថា ការប្រែប្រួលអាកាសធាតុឡើងកម្ដៅខ្លាំង អាចបណ្ដាលឲ្យកើតមានជំងឺដង្កាត់ផ្សេងៗ ចំពោះសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កំពុងបន្តសិក្សារៀនសូត្រនៅតាមសាលាបឋមសិក្សានីមួយៗ គឺមានតែសម្រេចនាំយករថយន្ដពន្លត់អគ្គិភ័យ ដឹកទឹកទៅបាញ់ស្រោចស្របតាមទីធ្លា និងដំបូលសាលា ក្នុងការកាត់បន្ថយកម្ដៅមួយចំនួនប៉ុណ្ណោះ ដែលអាចទទួលបានភាពត្រជាក់ខ្លះៗមកវិញ៕