Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ សីតុណ្ហភាពឡើងក្ដៅនៅកម្ពុជា នឹងអូសបន្លាយក្នុងរយៈពេលជាង ១០ថ្ងៃទៀត (Video inside)

27-04-2019 14:40

(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឲ្យដឹងថា ស្ថានភាពសីតុណ្ហភាពឡើងកម្ដៅរង្វង់ ៤១,៤២អង្សាសេ នៅកម្ពុជានឹងអូសបន្លាយ ក្នុងរយៈពេលជាង ១០ថ្ងៃទៀត ពោលរហូតដល់ថ្ងៃទី១០ និងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។

ស្ថានភាពឡើងកម្ដៅខុសពីធម្មតា នៅឆ្នាំនេះ ក្នុងប្រទេសកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋជាពិសេសក្មេងៗ និងចាស់ជរាជួបនូវបញ្ហាសុខភាព ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទម្រាំអាកាសធាតុបានធូរស្រាលត្រឡប់មកវិញ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា បញ្ហាអាកាសធាតុឡើងកម្ដៅដែលទទួលពីបាតុភូត អែលនីណូ បាននិងកំពុងជះឥទ្ធិពល និងគ្របបណ្ដប់ប្រមាណពាក់កណ្ដាល នៃភពផែនដីទាំងមូលមិនថា តែប្រទេសកម្ពុជាយើងនោះឡើយ។

លោកបញ្ជាក់ថា សម្រាប់កម្ពុជាសីតុណ្ហភាពឡើងកម្ដៅក្នុងរង្វង់៤១ ទៅ៤២អង្សាសេ ប៉ុន្ដែនៅភាគខាងជើងប្រទេសថៃ សីតុណ្ហភាពឡើងដល់៤៤ ទៅ៤៥អង្សាសេ ខណៈនៅប្រទេសភូមាវិញ សីតុណ្ហភាពឡើងដល់ទៅ៤៥ ទៅ៤៦អង្សាសេ។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានពន្យល់ហេតុផលថា នៅប្រទេសកម្ពុជា ស្ថានភាពឡើងកម្ដៅនេះបណ្ដាលមកពីកត្តា៣យ៉ាង ទី១៖បាតុភូតអែលនីណូ, ទី២៖បាតុភូតសកល ដែលចាប់ពីលើផ្ទៃដីដល់រយៈកម្ពស់៥០០ម៉ែត្រ គឺទទួលកម្រិតសម្ពាធទាប ហើយចាប់ពីកម្ពស់៥០០ម៉ែត្រ ដល់កម្ពស់១,៥០០ម៉ែត្រ ទទួលជ្រលងសម្ពាធខ្ពស់ ដែលធ្វើឲ្យធាតុអាកាសហប់ និងទី៣៖ជាទូទៅប្រទេសកម្ពុជា មានសីតុណ្ហភាពកម្រិតអប្បបរមា ២៦,២៧អង្សាសេ ប៉ុន្ដែឆ្នាំនេះសីតុណ្ហភាពអប្បបរមាឡើងដល់ ២៩,៣០អង្សាសេ ដែលផែនដីបានបំភាយកម្ដៅ។

បើតាមលោក ចាន់ យុត្ថា នៅក្នុងរង្វង់សប្ដាហ៍ទី៣ ខែឧសភា ឆ្នាំ២០១៩ នឹងមានភ្លៀងធ្លាក់មកហើយ ប៉ុន្ដែនៅចុងខែមេសា ចាប់ពីថ្ងៃទី២៨-៣០ នៅរាជធានីភ្នំពេញ ឆ្ពោះទៅភាគខាងត្បូង ក៏មានកម្រិតភ្លៀងធ្លាក់មកដែរ។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងថា រហូតមកដល់ពេលនេះ បាតុភូតអ៊ែលនីណូ (El Nino) នៅតែមានឥទ្ធិពល ហើយនឹងបន្ដគ្របដណ្ដប់លើប្រមាណពាក់កណ្ដាល នៃភពផែនដីទាំងមូល៕