Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនរបស់ចិនចង់វិនិយោគដាំដើមឈើនៅកម្ពុជា សម្រាប់នាំចេញទៅចិន

27-04-2019 13:00

(ប៉េកាំង, ចិន)៖ ក្រុមហ៊ុនរកស៊ីលើវិស័យកសិកម្មធំមួយរបស់ចិន បានបង្ហាញបំណងចង់វិនិយោគលើការដាំដើមឈើរនៅក្នុងប្រទេសកម្ពុជា សម្រាប់នាំចេញទៅប្រទេសចិន។ ក្រុមហ៊ុនដែលចង់ដាំដើមឈើនៅកម្ពុជាសម្រាប់នាំចេញទៅចិននេះ មានឈ្មោះ Beijing Fushide Investment Management Ltd and East Consulting Management Ltd។

ការបង្ហាញបំណងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជំនួបរវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយប្រធានក្រុមមហ៊ុន Beijing Fushide Investment Management Ltd and East Consulting Management Ltd។

យោងតាមមន្ត្រីក្រសួងកសិកម្ម នៅក្នុងជំនួបនេះបានពិភាក្សាការងារជាច្រើន ដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ក្នុងជំនួបនេះប្រធានក្រុមហ៊ុនរបស់ចិន បានបង្ហាញបំណងចង់វិនិយោគលើការដាំឈើនៅកម្ពុជា ដើម្បីនាំទៅប្រទេសចិន។

លោករដ្ឋមន្ត្រី វេង សាខុន បានលើកឡើងថា ករណីក្រុមហ៊ុនចង់វិនិយោគលើការដាំឈើនេះ គឺក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនចិនដែលមានដីស្រាប់ដើម្បីសហការដាំដុះប្រភេទឈើថ្មីនេះដើម្បីនាំចេញ ដោយសារពេលនេះកម្ពុជាមិនមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៀតទេ។ ក្រុមហ៊ុនក៏អាចសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីសហការក្នុងការដាំ និងប្រមូលទិញដើមអាកាស្យាផងដែរសម្រាប់ធ្វើការកែច្នៃ។

ប្រធានក្រុមហ៊ុនក៏មានការចាប់អារម្មណ៍លើការដាំកៅស៊ូផងដែរ ដោយចង់ធ្វើការកែច្នៃជាសំបករថយន្តសម្រាប់នាំចេញ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្ទៃដីកៅស៊ូមានប្រមាណ ៤៥ម៉ឺនហិកតា តែតម្លៃកៅស៊ូបច្ចុប្បន្នមានតម្លៃទាប និងមានបញ្ហាច្រើន។ លោករដ្ឋមន្ត្រីស្នើក្រុមហ៊ុនទៅទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យពីលទ្ធភាពវិនិយោគ៕