Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទាហានថៃបាញ់ពលរដ្ឋខ្មែរស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ពេលឆ្លងចូលទៅកាប់ឈើក្នុងទឹកដីថៃខុសច្បាប់

25-04-2019 19:04

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋខ្មែរ២នាក់ ដែលឆ្លងចូលទឹកដីថៃដោយខុសច្បាប់ ដើម្បីកាប់ឈើគ្រញូង នៅភូមិថានសេង ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ត្រូវបានទាហានថៃ បាញ់ស្លាប់ម្នាក់នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ នៅរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់យោធា នៃយោធភូមិភាគទី៥ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។

តាមសេចក្តីរាយការណ៍នេះ បានឱ្យដឹងថា ជនរងគ្រោះដែលថៃបាញ់ស្លាប់មានឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកពី ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ ត្រូវគ្រាប់កាំភ្លើងត្រង់ចំណុចបោះដៃផុតធ្លុះចូលចុងដង្ហើម។ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ អាន វិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវរបួស៣កន្លែងរួមមានត្រង់ប្រអប់ដៃស្តាំ ភ្លៅស្តាំ និងប្រអប់ជើងស្តាំ។ សពជងរងគ្រោះត្រូវបានថៃបញ្ជូនទៅខេត្តច័ន្ទបុរី ដើម្បីធ្វើកោសល្យវិច្ច័យ ចំណែកអ្នករងគ្រោះត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តត្រាត។

បើតាមការបញ្ជាក់របស់យោធាយោធភូមិភាគទី៥ ជនរងគ្រោះដែលថៃបាញ់ខាងលើនេះ បានឆ្លងចូលទៅកាប់ឈើគ្រញូងនៅលើទឹកដីថៃ ចំងាយប្រមាណ៣គីឡូម៉ែត្រ ពីព្រំដែនប្រទេសទាំងពីរ។ នៅកន្លែងកើតហេតុ ដែលស្លាប់ជនរងគ្រោះម្នាក់ ក៏មានភ្ជាប់ជាមួយនឹងឈើគ្រញូង២ដុំផងដែរ៕