Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការទី៣រដ្ឋសភា ចុះពិនិត្យសិក្សាស្វែងយល់ការដាំឈើអាកាសស្យា សម្រាប់ធ្វើក្តារបន្ទះ នាំចេញទៅក្រៅប្រទេស នៅខេត្តព្រះសីហនុ

22-04-2019 17:29

(ព្រះសីហនុ)៖ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ឬគណៈកម្មការទី៣ នៃរដ្ឋសភា ដឹកនាំដោយ លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការនេះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានចុះបំពេញបេសកកម្ម សិក្សាស្វែងយល់អំពីការអភិវឌ្ឍ និងបញ្ហាប្រឈមផ្សេងៗ នៅក្រុមហ៊ុន Cam Agra Investment Group Ltd ដែលជាក្រុមហ៊ុនដាំឈើ អាកាសស្យា សម្រាប់ធ្វើក្តារបន្ទះនាំចេញទៅក្រៅប្រទេស ស្ថិតនៅឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ការចុះសិក្សាស្វែងយល់នេះ ក៏មានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងបរិស្ថាន តំណាងក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន Cam Agra Investment Group Ltd. គឺជាក្រុមហ៊ុនវិនិយោគប្រតិបត្តិការដាំដើមឈើអាកាសស្យា (Acacia) និងដើមធ្យូនែល (Eucalyptus) ដែលផលិតផលពាក់កណ្តាលសម្រេចរបស់ខ្លួនត្រូវបានលក់ចេញទៅទីផ្សារក្នុងស្រុក និងនាំយកទៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្រាប់កែច្នៃជាផលិតផលសម្រេច ហើយត្រូវបានលក់ចេញទៅក្រៅប្រទេស ដូចជា ប្រទេសជប៉ុន និងប្រទេសចិន ជាដើម។

ទន្ទឹមនឹងនេះតំណាងក្រុមហ៊ុនក៏បានសំណូមពរដល់គណៈកម្មការទី៣ នៃរដ្ឋសភា ជួយសម្របសម្រួលអំពីពន្ធអាករលើផលិតផល ឈើដាំដុះដែលមានលក្ខណៈមិនមែនធម្មជាតិ។

តំណាងគណៈកម្មការទី៣ នៃរដ្ឋសភា បានសម្តែងនូវការយកចិត្តទុកដាក់ និងនាំនូវសំណូមពរនេះ ជូនដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយសំណូមពររបស់ក្រុមហ៊ុន ហើយកសិដ្ឋានដាំដុះ និងកែច្នៃដើមអាកាស្យ៉ាបែបនេះ អាចយកធ្វើជាគំរូសម្រាប់ពង្រីកការដាំដុះនៅកសិដ្ឋានផ្សេងទៀតនៅកម្ពុជា៕