អ្នកនាំពាក្យគណបក្សកាន់អំណាច៖ ច្បាប់កូរ៉េ និងកម្ពុជា មិនខុសគ្នាទេ បើធ្វើអ្វីខុសច្បាប់ចាប់ចូលគុកមិនខាន (Video inside)
20-04-2019 13:44
(ភ្នំបេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ បានលើកឡើងថា ច្បាប់នៅកូរ៉េខាងត្បូង និង កម្ពុជា មិនខុសគ្នានោះទេ ហើយអះអាងថា បើសិនជានរណាមួយធ្វើអ្វីខុសច្បាប់មានដីកាពីតុលាការនោះ ច្បាស់ជាត្រូវចាប់ចូលពន្ធនាគារជាមិនខាន។
លោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រទេសកូរ៉េជាប្រទេសប្រជាធិបតេយ្យ។ ប៉ុន្តែបេីមាននរណាម្នាក់ប្រព្រឹត្តខុសច្បាប់ហេីយមានដីកាពីតុលាការ ជននោះប្រាកដជាមិនរួចខ្លួនទេ ច្បាស់ជាត្រូវចាប់ខ្លួនញាត់ចូលគុកជាមិនខាន»។
លោកបានបន្តថា «រឿងនេះក៏មិនខុសគ្នានៅប្រទេសកម្ពុជាដែរ។ ប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យនិងនីតិរដ្ឋ។ បេីមានជនណាល្មេីសច្បាប់ ប្រារកដជាត្រូវចាប់ញាត់គុកដូចនៅកូរ៉េដែរ។ ប៉ុន្តែដោយសារតែអាមេឧទ្ទាមក្រៅច្បាប់ពូកែរត់គេចខ្លួនទៅនៅបរទេស បានជាវានៅរួចខ្លួនដូចសព្វថ្ងៃ។ ប៉ុន្តែមិនអីទេគង់មានថ្ងៃណាមួយវាភ្លេចខ្លួន នឹងរត់មករកជុចជាមិនខាន»។
សារនយោបាយរបស់ លោក សុខ ឥសាន បានធ្វើឡើងស្របពេលដែល ក្រុមប្រឆាំងនិន្នាការសមរង្ស៉ីនិយម ត្រៀមធ្វើបាតុកម្មមួយដោយដាក់ឈ្មោះថា «បាតុកម្មភ្លើងទៀន» ដើម្បីប្រឆាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា។ បាតុកម្មនេះ ក្រុមប្រឆាំង បានអំពាវនាវឱ្យពលករខ្មែរនៅប្រទេសកូរ៉េចូលរួម ប៉ុន្តែទោះជាយ៉ាងនេះក្តី ពលករមួយចំនួន បានលើកឡើងថា ពួកគេមិនចូលរួមជាមួយក្រុមប្រឆាំងនោះទេ។
ពលរដ្ឋ និងពលករខ្មែរមួយចំនួន បានប្រកាសត្រៀមចូលរួមរាំលេងសប្បាយជាមួយការប្រគំតន្រ្តីដ៏ធំមួយ ដែលដឹកនាំដោយ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា នៅលើទឹកដីកូរ៉េខាងត្បូងនេះ។ ការសម្តែង និងប្រគំតន្រ្តីនេះ មានការចូល រួមដោយតារាល្បីខ្មែរមួយចំនួនដូច ជា កញ្ញា ឡូ រ៉ាម៉ម, លោក ខេម, លោក វុទ្ធា, កញ្ញា បាន ម៉ុន្នីល័ក្ខ, លោក ចាន់ សម័យ, កញ្ញ៉ា យូរី, លោក Bmo លោក Tampo, ពិធីករ កំពូលកូ លោក ប៉ែនចំរ៉ុង និងលោក យឹម តាស្រង់។
ក្រុមអ្នករៀបចំធ្វើបាតុកម្ម បានចាត់ទុកតន្រ្តីនេះថា ជាការបំបែកកម្លាំងរបស់ពួកគេ ក្នុងការចូលរួមជាមួយ លោក សម រង្ស៉ី៕