Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សង្ក្រាន្ដឆ្នាំថ្មី ស្រុកបាធាយ លើកយកល្បែងប្រជាប្រិយជិត២០ប្រភេទ​ មកលេងកំសាន្ត, ពលរដ្ឋចាស់ក្មេងសប្បាយរីករាយថ្ងៃបុណ្យចូលឆ្នាំថ្មី

15-04-2019 19:57

(កំពង់ចាម)៖ ដើម្បីបង្កើនភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រី អ៊ុក ម៉ាលី បានធ្វើកម្មវិធីសង្ក្រាន្ដឆ្នាំថ្មី ដោយនាំយកនូវល្បែងប្រជាប្រិយរបស់ខ្មែរជិត២០ប្រភេទ មកលេងកំសាន្ដ ក្នុងរយៈពេលបីថ្ងៃ បីយប់ (១៤-១៦ខែមេសា) នៅភូមិជើងឆ្នុក ស្រុកបាធាយ ខេត្ដកំពង់ចាម។

លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងថា «នេះជាលើកទីពីរហើយ ដែលយើងបានរៀបចំសង្ក្រាន្ដឆ្នាំថ្មីនេះ ហើយក៏បាននាំយកនូវល្បែងប្រជាប្រិយជាច្រើនមុខ នាំបងប្អូនប្រជាពលរដ្ឋក្នុងភូមិយើងនេះ មកលេងកំសាន្ដសប្បាយទាំងអស់គ្នាទាំងចាស់ និងក្មេងតែម្ដង» ។

ល្បែងប្រជាប្រិយទាំងនោះ រួមមាន៖ ប្រណាំងកង់យឺត, ចម្រៀងអាយ៉ៃ របស់ លោកព្រហ្ម ម៉ាញ, លេងចោលឈូង, ប្រកៃ, លោតបាវ, ពាំពងមាន់, បូមទឹកដាក់ដប, ទូលទឹកកន្លះក្អម, ទាញព្រ័ត្រ, ប្រឡងចម្រៀង, របាំប្រពៃណីខ្មែរ, ការរាំលេងកំសាន្ដ ចង្វាក់ប្រពៃណីខ្មែរ, ប្រគំតន្ដ្រីសម័យទំនើបជាតិ, មានការលេងកំប្លែង ដោយលោកនាយកុយ និងនាយក្រឹម និងល្បែងប្រជាប្រជាប្រិយផ្សេងៗទៀត ហើយកាលពីឆ្នាំមុន ក៏មានកម្មវិធី រៀបមង្គលការ ជាច្រើនគូផងដែរ បរិយាកាសនេះពិតជាសប្បាយរីករាយខ្លាំងណាស់។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាមថ្លែងបន្ដថា «ដោយស្របតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាថ្នាក់ដឹកដ៏ឈ្លាសវៃ រឹងមាំ សម្ដេចតែងតែបានណែនាំ ឱ្យគ្រប់មូលដ្ឋានទាំងអស់ រៀបចំសង្ក្រាន្ដឆ្នាំថ្មី ដូច្នេះក្នុងនាមខ្ញុំតំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក៏បានរៀបចំកម្មវិធីសង្ក្រាន្ដឆ្នាំថ្មីនេះឡើង ដែលជាលើកទី២ហើយ»។

នេះសរបញ្ជាក់ឱ្យឃើញថា «កម្ពុជាយើងមាននូវសុខសន្ដិភាពបរិបូរណ៌ និងការអភិវឌ្ឍលើគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ និងបង្ហាញនូវការសាមគ្គីភាពគ្នាដ៏ល្អ គ្រប់លំដាប់ថ្នាក់ ដែលមិនអាចបំបែកបំបាក់បានឡើយ ដែលធ្វើឱ្យបងប្អូនប្រជាជនយើងទូទាំងប្រទេស សម្បូរសប្បាយរីករាយ ចូលរួមក្នុងការរៀបចំសង្រ្កាន្ដឆ្នាំថ្មីនេះ»។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ម៉ា ឈឿន ។

កម្មវិធីនេះ ក៏ដើម្បីលើកកម្ពស់ និងអភិរក្សកេរ្តិ៍ដំណែលវប្បធម៌ដ៏ផូរផង់ របស់ដូនតាយើង ដែលបន្សល់ទុកតាំងពីបុរាណកាលមក ឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានស្វែងយល់អំពីតម្លៃនៃវប្បធម៌ខ្មែរយើងផងដែរ។

សូមជម្រាបថា នៅថ្ងៃទី១៥ ខែមេសានេះ លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រី អ៊ុក ម៉ាលី ក៏បានរៀបចំពិធីសម្ពោធ ផ្លូវបេតុង១ខ្សែរផងដែរ ដោយមានការចូលរួមពីអាជ្ញាធរស្រុក-ឃុំ-ភូមិ និងប្រជាពលរដ្ឋ និងធ្វើពិធីបុណ្យសង្ឃទាន និងបង្សុកូលឧទ្ទិសកុសល ជូនចំពោះវិញ្ញាណក្ខន្ធញាតិការប្រាំពីរសន្ដាន និងអ្នកសេ្នហាជាតិខ្មែរ ដែលធ្វើឡើងនៅសាលាបុណ្យជើងឆ្នុក៕